សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងអំឡុងពេលដែលអាកាសធាតុប្រែប្រួលញាប់ រាងកាយអាចចុះខ្សោយ បង្កឱ្យមានអាការៈផ្ដាសាយ តឹងច្រមុះ និងឈឺកដែលរំខានដល់ការរស់នៅ។ ក្រៅពីការប្រើប្រាស់ថ្នាំពេទ្យ អ្នកអាចសាកល្បងប្រើប្រាស់រូបមន្តបែបធម្មជាតិសាមញ្ញៗ ដែលចំណាយតិច និងមានសុវត្ថិភាពខ្ពស់ក្នុងការបំបាត់អាការៈឈឺកយ៉ាងឆាប់រហ័ស។
រូបមន្តដំបូងដែលងាយបំផុតគឺ “ទឹកក្ដៅឧណ្ហៗលាយអំបិល” ដោយប្រើទឹកមួយពែងលាយអំបិល ១/៤ ស្លាបព្រាកាហ្វេ យកមកខ្ពុរមាត់ឱ្យដល់បំពង់ក រួចខ្ជាក់ចោល ដើម្បីជួយសម្លាប់បាក់តេរី និងកាត់បន្ថយការឈឺចាប់។ ប្រសិនបើមានអាការៈឈឺកខ្លាំង អ្នកគួរប្រើ “ទឹកឃ្មុំ លាយក្រូចឆ្មារ និងទឹកខ្ញី” ដែលទឹកឃ្មុំជួយសម្លាប់មេរោគ ចំណែកក្រូចឆ្មារនិងខ្ញីជួយឱ្យបំពង់កមានសំណើម បាត់រមាស់ និងស្រឡះកល្អ។
សម្រាប់អ្នកដែលចូលចិត្តភាពក្ដៅហឹរ “ម្សៅម្ទេសលាយទឹកក្ដៅ” អាចប្រើជាថ្នាំបញ្ចុះការរលាកបំពង់កបានយ៉ាងពូកែ ចំណែក “ផ្កាក្លាំពូកិនម៉ដ្ឋ” លាយទឹកក្ដៅ ក៏មានសារធាតុប្រឆាំងបាក់តេរី និងកាត់បន្ថយការរលាកបានយ៉ាងប្រសើរ។ រូបមន្តមួយទៀតគឺ “ម្សៅរមៀត លាយអំបិល និងទឹកក្ដៅ” ដែលរមៀតដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ពូកែ ជួយទប់ស្កាត់ការរីករាលដាលនៃមេរោគក្នុងបំពង់ក។
ចំពោះអ្នកដែលមានអាការៈក្អករួមផ្សំជាមួយ “ទឹកខ្មេះប៉ោមលាយអំបិល និងទឹកក្ដៅ” នឹងជួយកម្ចាត់មេរោគក្នុងកបានយ៉ាងលឿន។ ក្រៅពីនេះ ការញ៉ាំ “ទឹកតែបៃតងក្ដៅៗ” ឬ “តែរ៉ាសបឺរី” ក៏ជាជម្រើសដ៏ល្អ ព្រោះកម្ដៅទឹកជួយរំលាយស្លេស្ម ចំណែកសារធាតុក្នុងតែជួយកាត់បន្ថយការឆ្លងមេរោគ និងផ្ដល់នូវក្លិនក្រអូបជួយឱ្យស្មារតីស្រស់ថ្លា។
ជារួមមក ការប្រើប្រាស់ឱសថធម្មជាតិទាំង ៨ មុខនេះ គឺជាជម្រើសដ៏ឆ្លាតវៃក្នុងការថែរក្សាសុខភាពបំពង់កដោយមិនចាំបាច់ពឹងផ្អែកលើថ្នាំពេទ្យតែមួយមុខ។ ទោះជាយ៉ាងណា ប្រសិនបើអាការៈមិនធូរស្រាលក្នុងរយៈពេលយូរ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីពិនិត្យឱ្យបានច្បាស់លាស់៕
ចែករំលែកព័តមាននេះ