រាជធានីភ្នំពេញ ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ដឹកនាំដោយលោកស្រី Dorsa NAZEMI SALMA ប្រធានគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ។
កិច្ចជំនួបនេះបានផ្តោតទៅលើការផ្លាស់ប្តូរយោបល់គ្នា អំពីស្ថានការណ៍បច្ចុប្បន្ន នៃព្រំដែនកម្ពុជា-ថៃ និងកិច្ចការ ដែលគណៈប្រតិភូ នៃគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម បានធ្វើដំណើរទស្សនកិច្ចទៅតំបន់ព្រំដែនកម្ពុជា-ថៃ ។
ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ដែលបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងការធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង ១៨រូប មកកាន់មាតុភូមិវិញ ដោយសុវត្ថិភាព ៕





ចែករំលែកព័តមាននេះ