ខេត្តព្រៃវែង ៖ ថ្លែងនៅក្នុងវេទិកាសាធារណៈ ដែលរដ្ឋបាលឃុំអ្នកលឿង ស្រុកពាមរក៍ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមេសានេះ ប្រជាពលរដ្ឋ បានស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ជួយដោះស្រាយរឿងខ្សាច់ជ្រុះតាមផ្លូវ ដែលបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាញឹកញាប់ និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាខ្លាំង ។
ប្រជាពលរដ្ឋ ក្នុងឃុំអ្នកលឿង បានលើកឡើងថា រាល់ថ្ងៃនេះ ពួកគាត់ជួបការលំបាកខ្លាំងណាស់ ដោយសារក្រុមរថយន្តដឹកខ្សាច់ធំៗ ដឹកខ្សាច់ជ្រុះពេញផ្លូវ និងពេញមុខផ្ទះរបស់ពួកគាត់ ធ្វើឱ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរជាខ្លាំង ហើយត្រូវកើបខ្សាច់ ដែលជ្រុះមុខផ្ទះចេញរាល់ថ្ងៃ។ ពេលរថយន្តធំៗដឹកខ្សាច់បើកចេញពីដេប៉ូខ្សាច់ម្ដងៗ បង្កជាសំឡេងខ្ទរញ័ររង្គើដី ហើយខ្សាច់ហុយតាមខ្យល់ចូលពេញផ្ទះប្រជាពលរដ្ឋ គឺពិបាករស់នៅខ្លាំងណាស់ ។
ឆ្លើយតបចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋនេះលោក ភោគ ថានី មេឃុំអ្នកលឿង បានបញ្ជាក់ថា អាជ្ញាធរឃុំ ពុំមានលទ្ធភាពដោះស្រាយទេ ព្រោះម្ចាស់ដេប៉ូខ្សាច់ទាំងអស់ រួមទាំងក្រុមឡានដឹកខ្សាច់ទាំងនោះ គេមិនស្ដាប់អាជ្ញាធរឃុំទេ សូម្បីពេលហៅមកប្រជុំ និងធ្វើវេទិកាសាធារណៈ ក៏គេមិនមកចូលរួមដែរ ដូច្នេះជម្រើសមានតែមួយ គឺអាជ្ញាធរឃុំ ស្នើសុំឲ្យប្រជាពលរដ្ឋ ជួយដោះស្រាយខ្លួនឯង ដោយខ្សាច់ជ្រុះមុខផ្ទះអ្នកណា អ្នកនោះកើបចេញទៅ ។
ជុំវិញបញ្ហានេះ មន្ត្រីជំនាញរ៉ែ និងថាមពលខេត្តព្រៃវែង បានឲ្យដឹងថា រឿងឡានដឹកខ្សាច់ ជ្រុះតាមដងផ្លូវ នៅឃុំអ្នកលឿង ពិតជាកើតមានយូរខែមកហើយ ប៉ុន្តែការងារនេះ ស្ថិតនៅលើរដ្ឋបាលស្រុក ជាអ្នកទទួលខុសត្រូវ ដែលតាមនីតិវិធី បើពិនិត្យឃើញថា ដេប៉ូខ្សាច់ណាមួយ ធ្វើឲ្យមានផលប៉ះពាល់ រដ្ឋបាលស្រុកត្រូវចុះណែនាំ ក្នុងករណីមិនកែប្រែ អាជ្ញាធរស្រុក មានសិទ្ធិដកអាជ្ញាប័ណ្ណ បញ្ឈប់អាជីវកម្មតែម្តង ។
ដោយឡែកលោក កែវ ពិសី អភិបាលស្រុកពាមរក៍ បានបញ្ជាក់ថា ចំពោះបញ្ហា ដែលពលរដ្ឋស្នើសុំនេះ លោកនឹងចាត់ឲ្យមន្ត្រីកោះអញ្ជើញម្ចាស់ដេប៉ូវខ្សាច់ទាំងអស់ មកធ្វើការណែនាំនិងធ្វើកិច្ចសន្យា ហើយបើនៅតែមិនកែប្រែនៅតែបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋទៀត លោកនឹងចាត់វិធានការផ្លូវច្បាប់តែម្ដង ។
គួរបញ្ជាក់ផងដែរថា សកម្មភាពធ្វើអាជីវកម្មខ្សាច់ទន្លេនេះ នៅក្នុងច្បាប់ស្ដីពីរ៉ែ បានកំណត់ចំពោះរថយន្តដឹកខ្សាច់ គឺតម្រូវឲ្យដឹកខ្សាច់មិនឱ្យខ្ពស់ហួសទ្រង់រថយន្ត និងត្រូវមានស្បៃគ្របឲ្យជិត ដើម្បីកុំឲ្យជ្រុះ ឬហុយ ប៉ះពាល់ពេលធ្វើចរាចរណ៍ ។ ដោយឡែកតាមដេប៉ូវខ្សាច់ ត្រូវមានការបាញ់ទឹកលាងសម្អាតកង់រថយន្តមុនពេលចេញ ហើយជុំវិញទីតាំងដេប៉ូខ្សាច់ ម្ចាស់ដេប៉ូត្រូវសម្អាតឲ្យបានស្អាត មិនឱ្យមានខ្សាច់ខ្ចាយមកលើដងផ្លូវឡើយ។ ក្នុងករណីមានរថយន្តដឹកខ្សាច់ជ្រុះខ្ចាយតាមដងផ្លូវ គឺជាការទទួលខុសត្រូវរបស់ម្ចាស់ដេប៉ូខ្សាច់ ៕









ចែករំលែកព័តមាននេះ