រាជធានីភ្នំពេញ ៖ ចិននឹងបន្តឈរនៅជាមួយកម្ពុជាក្នុងការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការអភិឌ្ឍប្រកបដោយចីរភាព ។ នេះបើតាមឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ។

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហេង
រតនា អគ្គនាយកស៊ីម៉ាក់បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យសកម្មភាពមីនឱ្យកាន់តែស៊ីជម្រៅ ។
បើតាមអគ្គនាយកស៊ីម៉ាក់បានលើកឡើងថា ក្នុងជំនួបនេះ ឯកឧត្តមបានជម្រាបជូនឯកឧត្តម Wang Wentian អំពីវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលអង្គភាពCMACសម្រេចបាន ជាពិសេស លើកិច្ចប្រតិបត្តិការក្រោម «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ដែលរដ្ឋាភិបាលនិងប្រជាជនចិនបានផ្តល់ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ឌភណ្ឌសង្គ្រាមរបស់អង្គភាពCMAC ក្នុងការអនុវត្តគម្រោងនេះ សម្រេចបានលទ្ធផលគួរជាទីមោទនៈ ។

លើសពីនេះ អគ្គនាយកស៊ីម៉ាក់កម្ពុជាក៏បានជម្រាបបន្ថែមក្នុងការប្រើប្រាស់សម្ភារបច្ចេកទេសរបស់ចិនក្នុងការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាពផងដែរ។
ក្នុងជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការវាយតម្លៃខ្ពស់និងបានកោតសរសើរចំពោះការសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវសុខសន្តិភាពពេញលេញ ជាពិសេសការដាក់ចេញនូវគោលនយោបាយវិស័យសកម្មភាពកំចាត់មីន ដែលកម្ពុជាសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងធានាសុខសុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការចែករំលែកបទពិសោធន៍លើឆាកអន្តរជាតិ ។

ក្នុងពេលជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់របស់ភាគីចិនត្រៀមខ្លួនជាស្រេចក្នុងការបន្តផ្តល់ជំនួយឥតសំណង និងការគាំទ្រកិច្ចប្រតិបត្តិមីន/សំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌ដល់អង្គភាពCMAC ដើម្បីបង្កើនល្បឿនប្រតិបត្តិការបោសសម្អាតមីនឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់ ជាពិសេសភាគីចិននឹងបន្តឈរនៅជាមួយកម្ពុជា ក្នុងការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងការអភិឌ្ឍប្រកបដោយចីរភាព ។
សូមរំលឹកជម្រាបថា លទ្ធផលកិច្ចប្រតិបត្តិការក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គភាពCMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសង្គ្រាមបានចំនួន១៩.០០០ហិកតា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន១០៥.០០០គ្រាប់ ឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់បានចំនួនជាង៥.៩០០ករណី និងបានផ្ដល់សារអប់រំយល់ដឹងពីមីន/គ្រាប់ដល់ប្រជាពលរដ្ឋសរុបចំនួន៤លាន៦សែននាក់ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោលមានចំនួនជាង៣៧៨.០០០គ្រួសារ ស្មើនឹងចំនួនជាង១.៤៥៤.០០០នាក់ ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ហេង រតនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ការគាំទ្រទាំងស្មារតី សម្ភារបច្ចេកទេស និងថវិកា ដែលជាកត្តាសារវន្តជួយឱ្យអង្គភាពCMACមានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត ៕
ចែករំលែកព័តមាននេះ