ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំអះអាងថាមេដឹកនាំថ្មីរបស់អ៊ីរ៉ង់បានអង្វរកលោកងោចៗដើម្បីឱ្យមានកិច្ចព្រមព្រៀងនៃបទឈប់បាញ់។ លោកថាលោកក៏កំពុងពិចារណាចំពោះសំណើនេះផងដែរ សំខាន់ឱ្យតែអ៊ីរ៉ង់បើកច្រកសមុទ្រហ័រម៉ូសឱ្យកប៉ាល់អាចចេញចូលបានដោយសេរី ហើយត្រូវធ្វើប្រកបដោយតម្លាភាព។ លោកយល់ថាមេដឹកនាំថ្មីរូបនេះមើលទៅទំនងជាមនុស្សមិនដាច់ខាតនិយមដូចមេដឹកនាំមុនទេ ហើយក៏មានគំនិតឆ្លាតវៃជាងអ្នកមុនឆ្ងាយណាស់ដែរ។ ខាងលើនេះជាអ្វីដែលលោកបង្ហោះនៅលើបណ្ដាញសង្គម។

លោកត្រាំមិនបានបញ្ជាក់ថាអ្នកដែលគាត់និយាយនោះចង់សំដៅលើមេដឹកនាំអ៊ីរ៉ង់រូបណាទេ។ ប៉ុន្តែគេគិតថាអាចជាប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ូត ប៉េហ្សេស្គាន (Masoud Pezeshkian)។ ក្រោយការស្លាប់មេដឹកនាំកំពូលមុនរបស់អ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលី ខាមេនី កូនប្រុសរបស់គាត់ត្រូវបានតែងតាំងជាអ្នកស្នងតំណែងបន្ត។ ទោះជាយ៉ាងណាក្ដី កូនប្រុសរូបនេះពុំដែលបង្ហាញមុខជាសាធារណៈម្ដងណាឡើយ។

គាត់រស់នៅជាលក្ខណៈលាក់ខ្លួនពួនអាត្មា។ ម៉្យាងទៀត គេមិនទាន់ដឹងថាតើគាត់បានជាសះស្បើយពីមុខរបួសហើយឬនៅព្រោះនៅថ្ងៃដែលអាមេរិក និងអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើគេហដ្ឋានរបស់ឪពុកលោកនោះ លោកម៉ុចតាបាក៏ស្ថិតនៅទីនោះដែរ។ ប៉ុន្តែគាត់មិនស្លាប់, ស្លាប់តែកូន និងប្រពន្ធរបស់គាត់។ ទោះបីលោកម៉ុចតាបាមានឈ្មោះជាមេដឹកនាំកំពូលថ្មីក៏ដោយ ក៏មជ្ឈដ្ឋានខ្លះនៅតែដាក់ការសង្ស័យថាគាត់អាចនឹងមិនមានលក្ខណៈស្របច្បាប់ទេ។

លោកត្រាំធ្លាប់ប្រកាសតាំងពីមុនថាលោកម៉ុចតាបាជាអ្នកនយោបាយគីឡូស្រាលណាស់ ហើយការឡើងមកជំនួសឪពុករបស់លោកនោះជាអ្វីដែលលោកមិនទទួលស្គាល់ទេ។ លោកត្រាំក្រៅពីទទួលសំណូមពរពីអ៊ីរ៉ង់ឱ្យមានបទឈប់បាញ់ លោកក៏ដាក់ចេញការទាមទារជាច្រើនចំណុចត្រឡប់ទៅវិញផងដែរ។ លោកថាលោកចង់ឃើញច្រកសមុទ្រហ័រម៉ូសបើកដំណើរការជាប្រក្រតីឡើងវិញសិន។

យើងនឹងពិចារណាសំណើនេះប្រសិនបើច្រកហ័រម៉ូសត្រូវបានបើកឡើងវិញ ប្រកបដោយភាពសេរី និងតម្លាភាព។ រហូតមកដល់ពេលនេះ លោកអះអាងថាយុទ្ធនាការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ធ្វើឱ្យប្រទេសនេះសឹងតែវិលត្រឡប់ទៅរកសម័យបុព្វកាលវិញ។ គួរកត់សម្គាល់ថាការបង្ហើបឱ្យដឹងអំពីការពិចារណាឈប់បាញ់នេះកើតមានឡើង១២ម៉ោងមុនពេលលោកត្រាំត្រៀមឡើងថ្លែងសុន្ទរកថាទៅកាន់ជនរួមជាតិតាមទូរទស្សន៍នៅយប់នេះដើម្បីបូកសរុបលទ្ធផលនៃសង្គ្រាម និងស្ថានការណ៍វិវត្តថ្មីៗ៕ ប្រភព៖ ដេលីមែល (Daily Mail) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ