រាជធានីភ្នំពេញ ៖ បុរសម្នាក់ពុំដឹងថា មានវិបត្តិអ្វីធ្ងន់ធ្ងរនៅក្នុងចិត្ត រហូតដោះស្រាយមិនចេញនោះទេ គាត់មានទឹកមុខស្រងូតស្រងាត់ និងចេះតែយំអត់ឈប់ ហើយនៅពេលប្រពន្ធសួរពីមូលហេតុ ក៏គាត់មិនប្រាប់ដែរ។ លុះ៣ថ្ងៃក្រោយមក នៅពេលដែលប្រពន្ធទៅធ្វើការបាត់ ស្រាប់តែបុរសនោះធ្វើចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល ហើយរហូតដល់ប្រពន្ធចេញពីធ្វើការ ទៅហូបបាយថ្ងៃត្រង់ទើបប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើល ។
ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង១១និង៣០ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលចងកសម្លាប់ខ្លួននោះឈ្មោះ ផុន ភារម្យ អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ ។
ស្ត្រីជាប្រពន្ធ បាននិយាយរៀរាប់ប្រាប់នគរបាលថា នាងមិនបានដឹងថា ប្ដីរបស់នាងមានវិបត្តិអ្វីនោះទេ ហើយរវាងរូបនាង និងប្ដី ក៏មិនបានឈ្លោះប្រកែកគ្នានោះដែរ ប៉ុន្តែកាលពី៣ថ្ងៃមុន ប្ដីនាងរូបនេះមានទឹកមុខក្រៀមក្រំ ហើយចេះតែយំម្នាក់ឯង ។ ពេលនោះ នាងបានសួរនាំថា មានរឿងអ្វី ប៉ុន្តែទោះបីជានាងជជីកសួរយ៉ាងណា ក៏ប្ដីមិនព្រមប្រាប់សោះ ប្ដីបានលាក់បាំងអាថ៌កំបាំងនៅក្នុងចិត្តម្នាក់ឯង រហូតដល់ថ្ងៃស្លាប់មិនឲ្យនាងដឹងឡើយ ។
ស្ត្រីជាប្រពន្ធរូបនោះ បាននិយាយបន្តទៀតថា ដោយឡែក នៅវេលាព្រឹកថ្ងៃកើតហេតុ នាងបានចេញទៅធ្វើការរោងចក្រមុនប្ដី ហើយប្ដីបាននៅក្នុងបន្ទប់ជួលម្នាក់ឯង ក្រោយមក នាងមិនបានដឹងថា នឹកស្មានថា មានរឿងអកុសលបែបនេះសោះ នាងស្មានថា ប្ដីទៅធ្វើការបាត់ហើយ។ រហូតដល់ពេលចេញពីធ្វើការរោងចក្រវិញ នាងធ្វើដំណើរទៅហូបបាយថ្ងៃត្រង់ នៅបន្ទប់ជួល ពេលទៅដល់ឃើញទ្វារបន្ទប់បិទជិត ប៉ុន្តែបើកភ្លើងភ្លឺចិញ្ចាច ខណៈនោះនាងក៏គោះទ្វារហៅប្ដីឲ្យបើកទ្វារឲ្យ តែអត់ឮឆ្លើយសោះ ។
នាងប្រពន្ធ បាននិយាយបន្ថែមទៀតថា បន្ទាប់មកនាងក៏រុញទ្វារ ទើបដឹងថា ទ្វារអត់ដាក់គន្លឹះក្នុងទេ ហើយពេលចូលទៅដល់ក្នុងបន្ទប់ ក៏ស្រាប់តែឃើញប្ដីចងក នឹងខ្សែក្រវាត់ជាប់ជាមួយប្រហោងឥដ្ឋខ្យល់ក្នុងបន្ទប់ជួលនោះ បាត់ទៅហើយ ។ ពេលនោះនាងបានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ទៅមើល បន្ទាប់មកនាង បានយកកាំបិតកាត់ខ្សែក្រវាត់ដាក់ប្ដីចុះក្នុងបំណងនាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែឃើញប្ដីបានស្លាប់បាត់ទៅហើយ ។
នគរបាល បាននិយាយថា ក្រោយពេលមានករណីបែបនេះកើតឡើង កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់កន្លែងកើតហេតុ រួចចងខ្សែព័ទ្ធការពារទីតាំងនោះ ។ បន្ទាប់មកនគរបាលខាងលើ បានរាយការណ៍ទៅកាននគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះទៅពិនិត្យកោសល្យវិច័យ រួចប្រគល់សពឲ្យប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី ៕









ចែករំលែកព័តមាននេះ