ទីក្រុងគូឡាឡាំពួ ៖ សមាគមពាណិជ្ជកម្មម៉ាឡេស៊ីបានព្រមានថា តម្លៃម្ហូបអាហារនៅក្នុងប្រទេសម៉ាឡេស៊ីអាចកើនឡើងរហូតដល់ ៥០% ដោយសារតែវិបត្តិថាមពលដែលជាប់ទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា បានជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់។ នេះបើយោងតាមប្រភពពីកាសែត South China Morning Post ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
បណ្តាពាណិជ្ជករបានអះអាងថា តម្លៃវត្ថុធាតុដើមដែលប្រើប្រាស់សម្រាប់រៀបចំ និងចម្អិនអាហារប្រចាំថ្ងៃជាច្រើនបានកើនឡើងខ្ពស់រួចទៅហើយ ដែលកំពុងគំរាមកំហែងដល់ប្រាក់ចំណេញដ៏តិចតួច សម្រាប់អ្នកលក់ដូរតូបតាមដងផ្លូវ និងភោជនីយដ្ឋានដែលផ្គត់ផ្គង់អាហារដ៏ច្រើនប្រភេទ សម្រាប់អ្នកនិយមទទួលទានអាហារនៅខាងក្រៅ។
លោក Rosli Sulaiman ប្រធានសហព័ន្ធសមាគមអ្នកលក់ដូរ និងពាណិជ្ជករម៉ាឡេស៊ីបានថ្លែងថា «សូម្បីតែមុនពេលការកើនឡើងតម្លៃប្រេងឥន្ធនៈក៏ដោយ ក៏តម្លៃបានកើនឡើងប្រហែល ២០% ទៅ ៣០% រួចទៅហើយ។ នៅពេលដែលថ្លៃដើមខ្ពស់ ហើយគ្មានប្រាក់ចំណេញត្រឡប់មកវិញ ពាណិជ្ជករត្រូវបង្ខំចិត្តដំឡើងថ្លៃលក់ផលិតផលពួកគេ ទោះបីជាបានប្រាក់ចំណេញតិចតួចក៏ដោយ។ អ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺពាណិជ្ជករខ្នាតតូច អ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងទីសាធារណៈ»។
គួរបញ្ជាក់ថា ថវិការដ្ឋាភិបាលម៉ាឡេស៊ីបានរងផលប៉ះពាល់រួចទៅហើយ ដោយសារផលវិបាកពីជម្លោះនៅមជ្ឈិមបូព៌ា ដោយការចំណាយលើកម្មវិធីឧបត្ថម្ភធនប្រេងឥន្ធនៈនៅក្នុងស្រុកត្រូវបានប៉ាន់ប្រមាណថា កើនឡើងជាង៤ដងដល់ប្រហែល ៣,២ ពាន់លានរីងហ្គីត ឬ ៧៩៥ លានដុល្លារក្នុង១ខែ ក្នុងគោលបំណងរក្សាអតិផរណាឱ្យនៅកម្រិតធម្មតា៕


ចែករំលែកព័តមាននេះ