ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ភៀស​សឹក​ជាង៣​ម៉ឺន​៥​ពាន់​នាក់​ទៀត​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​បាន​​

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ គិត​មក​ទល់​ពេល​នេះ នៅ​សល់​ពលរដ្ឋ​ភៀស​សឹក​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ទៀត​នៅ​តែ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​បាន​នៅឡើយ ដោយសារ​តែ​ស្ថានភាព​មិន​ទាន់​អំណោយផល ឬ​ដោយសារ​មានការ​រារាំង​ពី​សំណាក់​កងកម្លាំង​ថៃ តាម​រយៈ​ការ​ដាក់​ទូ​​កុងតឺន័រ និង​បន្លា​លួស​ដើម្បី​បិទផ្លូវ​ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។…

រាជធានី​ភ្នំពេញ ​៖ គិត​មក​ទល់​ពេល​នេះ នៅ​សល់​ពលរដ្ឋ​ភៀស​សឹក​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ទៀត​នៅ​តែ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​បាន​នៅឡើយ ដោយសារ​តែ​ស្ថានភាព​មិន​ទាន់​អំណោយផល ឬ​ដោយសារ​មានការ​រារាំង​ពី​សំណាក់​កងកម្លាំង​ថៃ តាម​រយៈ​ការ​ដាក់​ទូ​​កុងតឺន័រ និង​បន្លា​លួស​ដើម្បី​បិទផ្លូវ​ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។

ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ នា​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦​ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាច​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ភៀស​សឹក​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ទៀត​នៅ​តែ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​បាន​នៅឡើយ ដោយសារ​តែ​ស្ថានភាព​មិន​ទាន់​អំណោយផល ឬ​ដោយសារ​មានការ​រារាំង​ពី​សំណាក់​កងកម្លាំង​ថៃ​ ។

ចំណែក​ជនភៀសសឹក​ជាង​៩៤% ក្នុង​ចំណោម​ជនភៀសសឹក​សរុប​ជាង​៦៤​ម៉ឺន​នាក់ បាន​វិល​ត្រឡប់​​ទៅ​កាន់​ផ្ទះសម្បែង​របស់​ខ្លួន​វិញ​ហើយ ក្រោម​ការ​សម្របសម្រួល​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​រាជរដ្ឋាភិបាល​ ។

អ្នកនាំពាក្យ​ក៏​សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី មាន​គោលនយោបាយ​ច្បាស់លាស់​ ក្នុង​ការ​ជួយ​ស្តារ​ឡើង​វិញ​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ភៀស​សឹក និង​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ ។

ទាំង​ពលរដ្ឋ​ដែល​បាន​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​រួច​ហើយ និង​ទាំង​ពលរដ្ឋ​ភៀស​សឹក​ដែល​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​វិញ​បាន​នៅឡើយ សុទ្ធ​ដឹង​តែ​ទទួល​បានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​​រាជរដ្ឋាភិបាល​ទាំង​សន្តិសុខ សុវត្ថិភាព និង​ការ​ស្តារ​ជីវភាព​រស់នៅ​របស់​ពួក​គេ​ឡើង​វិញ​។

ជាក់ស្តែង ប្រជាពលរដ្ឋ​ភៀស​សឹក​ដែល​បាន​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ ត្រូវ​បាន​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ បាន​យកចិត្តទុកដាក់​មើល​ការ​ខុស​ត្រូវ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ពួក​គេ​ជួប​ប្រទះ​សំដៅ​ជួយ​សម្រួល​ និង​រក្សា​លំនឹង​ជីវភាព​របស់​ពួក​គេ​ ។

ចំណែក​ពលរដ្ឋ​ភៀស​សឹក​ដែល​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​វិញ​បាន​នៅឡើយ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ផ្តល់​ជូន​ជម្រក​ដែល​មាន​លក្ខណៈ​សមរម្យ ​ដើម្បី​ស្នាក់​នៅ​បណ្តោះអាសន្ន ទម្រាំ​បញ្ហា​ព្រំដែន​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសម្បែង​របស់​ខ្លួន​វិញ​នា​ពេល​ខាង​មុខ​។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ការ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ជនភៀសសឹក ត្រូវ​បាន​គិតគូរ​មិន​ត្រឹមតែ​លើ​សន្តិសុខ សុវត្ថិភាព សុខុមាលភាព និង​ជីវភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រាជរដ្ឋា​ភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​គិតគូរ​ដល់​ការ​គាំទ្រ​ផ្នែក​ស្មារតី​ផង​ដែរ ​។

ជាក់ស្តែង កម្មវិធី​ជួប​សំណេះសំណាល ​ជាមួយ​បងប្អូន​ពលរដ្ឋ​ភៀស​សឹក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ត្រូវ​បាន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ ដោយ​អនុញ្ញាត​ឱ្យ​បងប្អូន​ពលរដ្ឋ​ភៀស​សឹក​បាន​ចូលរួម​កម្សាន្ត​សប្បាយ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ​។

កម្មវិធី​នេះ ​ត្រូវ​បាន​ប្រារព្ធ​ឡើង ក្នុង​អត្ថន័យ​ផ្សារ​ភ្ជាប់​រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ រវាង​យុវជន និង​ជនភៀសសឹក និង​ដើម្បី​បញ្ជាក់​ថា គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​បោះបង់​ឱ្យ​នៅ​ឯកា​ឡើយ ទោះជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ ។ កម្មវិធី​បែប​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភៀស​សឹក​មាន​អារម្មណ៍​កក់ក្តៅ​យ៉ាង​ខ្លាំង ដោយ​បានឃើញ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ចំពោះ​សុខទុក្ខ​របស់​ពួក​គេ​ក្នុង​នាម​ជាម​ហា​គ្រួសារ​ខ្មែរ​តែ​មួយ​ ។

បើ​តាម​ឯកឧត្តម​អ្នកនាំពាក្យ​លើក​ឡើង​ថា រហូត​មក​ទល់​ពេល​នេះ កម្លាំង​មហា​សាមគ្គី​ជាតិខ្មែរ​នៅ​តែ​រក្សា​បាន​នូវ​ភាពរឹងមាំ​យ៉ាង​ខ្លាំង​នៅ​ជាមួយ​រាជរដ្ឋាភិបាល និង​វីរ​កងទ័ព​ជួរ​មុខ ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​។ ទឹកចិត្ត​ស្នេហា​ជាតិ មាតុភូមិ របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិស​ទី ទាំង​ក្នុង​និង​ក្រៅប្រទេស នៅ​តែ​មាន​សភាព​ពុះកញ្ជ្រោល​ខ្លាំង តែ​រក្សា​បាន​នូវ​ភាព​ថ្លៃថ្នូរ និង​ពោរពេញ​ដោយ​ការ​អត់ធ្មត់​ខ្ពស់ ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ដំណោះស្រាយ​ពិតប្រាកដ និង​យូរអង្វែង​តាម​គោលដៅ​ដែល​រាជរដ្ឋាភិបាល​ចង់បាន​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​មិនមែន​តែ​រាជរដ្ឋាភិបាល​ទេ​ ដែល​មិន​ដែល​ភ្លេច​កាតព្វកិច្ច «​ការពារ​បូរណ​ភាព​ទឹកដី និង​ប្រជាជន​» ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា និង​គ្រប់​ទិស​ទី ក៏​រឹតតែ​សកម្ម​ខ្លាំងក្លា​ក្នុង​ការ​ធ្វើ​សកម្មភាព​ការពារ​បូរណភាព​ទឹកដី និង​ឈឺឆ្អាល​ចំពោះ​ជនរួមជាតិ​ដែល​ជា​ជនភៀសសឹក ដោយ​បាន​ចូលរួម​ចំណែក​យ៉ាង​សស្រាក់សស្រាំ​ក្នុង​សកម្មភាព​មនុស្ស «​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​»​។ នេះ​គឺជា​កម្លាំង​ច​លករ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ដើម្បី​ជំរុញ​ឱ្យ​មាន​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​បុព្វ​ហេតុ​​ការពារ​បូរណភាព​ទឹកដី និង​ប្រជាជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ