ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ បុកជាមួយនឹងម៉ូតូ ខណៈបើកបរបញ្ច្រាសទិសគ្នា ក្នុងទិសដៅពីជើងទៅត្បូង លុះមិនប្រុងប្រយ័ត្នក្នុងល្បឿនលឿន ក៏បុកគ្នាពេញទំហឹង លាន់ឮសូរប្រាវ បណ្តាលឱ្យដួលបោកទៅនឹងផ្លូវថ្នល់ស្លាប់នៅនឹងកន្លែង៣នាក់តែម្តង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង ៣៣នាទីយប់ថ្ងៃទី០១ ខែ មេសាឆ្នាំ ២០២៦ នៅត្រង់ចំណុចច្រកប្រាំបាត ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយករណីនេះបណ្ដាលឲ្យមានមនុស្សស្លាប់នៅនឹងកន្លែងចំនួន៣នាក់ (ប្រុស) និងខូចខាតម៉ូតូចំនួន២គ្រឿងយ៉ាងដំណំ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ភាគីម៉ូតូបង្ក ទី១. អ្នកបើកបរម៉ូតូឈ្មោះ នុន រិទ្ធីស័ក្ក ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់ ) ដោយបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1U-3731 ខូចខាតកម្រិតធ្ងន់។
ចំណែកភាគីទី២. ខាងបើកបរម៉ូតូរងគ្រោះ ទី១. អ្នកបើកបរ ឈ្មោះ ម៉ាន់ ពិសិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ជាមេជាងសំណង់ ( ស្លាប់) ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AA-4188 រងការខូចខាតយ៉ាងខ្លាំង។ ទី២. អ្នករួមដំណើរឈ្មោះ ភាន់ សាវេញ ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករសំណង់ ទាំងពីរនាក់រស់នៅភូមិអន្លង់រៃ ឃុំក្ដុលតាហែន ស្រុកបវិល ខេត្តបាត់ដំបង (ស្លាប់) ។
ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលបង្កឲ្យមានករណីគ្រោះថ្នាក់នេះកើតឡើង គឺបណ្ដាលមកពីបើកបរម៉ូតូឡើងវ៉ាជែងរថយន្តខាងមុខ ខ្វះការមើលមុខក្រោយ និងមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យបុកម៉ូតូម្ខាងទៀត ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង ។
ក្រោយពេលកើតហេតុ មន្ត្រីនគរបាល និងអាជ្ញាធរមូលដ្ឋាន បានចុះទៅត្រួតពិនិត្យ និងវាស់វែង ដោយយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានគេប្រគល់ជូនដល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ