រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានបើកបររថយន្ត ១គ្រឿង ម៉ាក Lexus GX-550 ជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវទាំងថ្ងៃ បណ្ដាលឲ្យរថយន្តនេះ រងការខូចខាតយ៉ាងដំណំ ប៉ុន្តែជនជាតិចិនរូបនោះ មិនបានរងរបួសឡើយ រីឯក្បាលរបាំងថ្មបានខ្ទាតចេញពីជួរ ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តម៉ាកLexus GX-550 ១គ្រឿងនោះ ពណ៍ប្រផេះ ឬហៅថា ពណ៍ស៊ីម៉ង់ត៌ ពាក់ស្លាកលេខកម្ពុជា CVN-8898 បើកបរដោយបុរសជនជាតិចិនម្នាក់ ។
បើតាមបុរសចំណាស់ម្នាក់ បាននិយាយថា នៅវេលាកើតហេតុនោះ ខណៈគាត់កំពុងជ្រកម្លប់ក្រោមដើមឈើនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីនោះ បានឃើញរថយន្តម៉ាក Lexus GX-550 ១គ្រឿងនោះ បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តនោះរងការខូចខាតបែកកង់មុខខាងឆ្វេង និងខ្ទេចមុខខាងឆ្វេង ចំណែកក្បាលរបាំថ្មនោះបានខ្ទាតចេញពីជួរ ។
ដោយឡែកបុរសជនជាតិចិន ដែលជាអ្នកបើករថយន្តនោះ មិនបានរងរបួសនោះទេ ហើយគាត់បានប្រាប់អ្នកបកប្រែថា ខណៈដែលគាត់បើករថយន្តទៅដល់ត្រង់ចំណុចកើតហេតុខាងលើ។ ស្រាប់តែវាក់ជាមួយរថយន្តមិនចាំម៉ាក ១គ្រឿងទៀតនៅខាងមុខ ពេលនោះគាត់បានកាច់ចង្កូតគេចចេញ ក៏ជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវនោះតែម្ដង ។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ បានចុះទៅកាន់ទីតាំងខាងលើ រួចរាយការណ៍ជូនកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះទៅនាំយករថយន្តនោះទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕









ចែករំលែកព័តមាននេះ