លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអះអាងថា ការធ្វើបណ្ណបើកបរអន្តរជាតិ ដែលត្រឹមត្រូវ ផ្លូវការ មានភាពងាយស្រួលណាស់ និងជាសេវាសាធារណៈរបស់រដ្ឋ ក្រោមការគ្រប់គ្រងដោយក្រសួងផ្ទាល់។

ជាមួយគ្នានោះ លោកក៏បានរំលឹកពលរដ្ឋឲ្យអានសេចក្តីប្រកាសព័ត៌មានក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចេញផ្សាយ កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ ។

តាមសេចក្តីប្រកាសនោះ បានបញ្ជាក់ថា និតិវិធីនៃការចេញបណ្ណនេះ គឺស្របតាមអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងហ្សឺណែវ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ដែលមានសុពលភាព១ឆ្នាំ ហើយអាចបើកបរបាន១០៣ប្រទេស ។

ប្រភពដដែលបានបន្តថា ដើម្បីឲ្យមានភាពត្រឹមត្រូវ ក្រសួងបានអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់សេវាសាធារណៈរបស់ក្រសួង នៅតាមបណ្តាទីតាំងផ្តល់សេវា ដែលបានកំណត់ ដោយត្រូវជៀសវាងការប្រើប្រាស់សេវាក្រៅផ្លូវការ ដែលនាំឲ្យខាត់បង់ពេលវេលា និងទទួលបានឯកសារក្លែងបន្លំពីជនខិលខូច ៕
ចែករំលែកព័តមាននេះ