ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ តំបន់​បឹង​កក់ បើ​មិន​អភិវឌ្ឍ​ដូច​បច្ចុប្បន្ន​ទេ នឹង​ក្លាយជា​កន្លែង​បញ្ចេញ​ទឹក​ស្អុយ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា តំបន់​បឹង​កក់ បើ​មិន​អភិវឌ្ឍ​ដូច​បច្ចុប្បន្ន​ទេ នឹង​ក្លាយជា​កន្លែង​បញ្ចេញ​ទឹក​ស្អុយ ចំណែក​បឹង​តា​មោក ដែល​អភិវឌ្ឍ​ពេល​នេះ ពី​មុន​មិនមែន​ជា​កន្លែង​ស្តុក​ទឹក​ទេ គឺជា​កន្លែង​ទឹក​បុក តែ​ពេល​នេះ បាន​ក្លាយទៅជា​ទីក្រុង​មួយ​ហើយ ។

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចុះទស្សនកិច្ច​នៅ​អគារ​ទីស្នាក់ការ​កណ្តាល​ថ្មី នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៦ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​បឹង​កក់ បើសិនជា​មិន​អភិវឌ្ឍន៍​សួរ​ថា បឹង​កក់​ពេល​នេះ ទៅ​ជា​អ្វី វា​គ្រាន់តែ​ជា​កន្លែង​បញ្ចេញ​ទឹក​ស្អុយ ពេល​នោះ មាន​អ្នក​ជេរ​ខ្ញុំ មិន​តិច​ទេ ប៉ុន្ដែ​ឥលូវ​ចេះ​នាំ​គ្នា​ថា ស្អាត​» ។
ទន្ទឹម​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ទីក្រុង​ភ្នំពេញ​សម័យ​ដើម​ពី​បុរាណ​មក គឺជា​តំបន់​ទឹក​លិច​ទេ ប៉ុន្តែ​ត្រូវ​បាន​សាងសង់​ជា​បណ្តើរ​ៗ ដោយ​សម្តេចព្រះ​នរោត្តម សីហ​នុ ហើយ​សូ​ម្បី​តែ​ផ្ទះ​សម្ដេច នៅ​វិមាន​ឯករាជ្យ ម្ដុំ​ហ្នឹង គឺជា​បឹង និង​ព្រៃ​នោះ​ដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​អំពី​តំបន់​ជ្រោយចង្វារ ដែល​ពី​ដើម​ជា​កន្លែង​ដាំ​ត្រកួន ព្រៃ​ត្រែង ប៉ុន្តែ​ឥឡូវ​ទៅ​ជាទី​ក្រុង​មួយ ដែល​អាច​ប្រជុំ​ខ្នាត​អន្តរជាតិ​បាន​។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​បាន​ថ្លែង​ថា បើ​សម្ដេច​ជា​នាយក​រដ្ឋមន្ត្រី សម្ដេច​នឹង​យក​អគារ​ថ្មី​ពន្ធដារ​ដែល​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​នេះ សម្រាប់​កិច្ចប្រជុំ​អន្តរជាតិ​ថែម​ទៀត ៕