ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា ធ្វើ​បទ​បង្ហាញ​ជូន​អង្គទូត ស្តី​ពី​ការ​សម្រេចចិត្ត​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​ជាមួយប្រទេស​ថៃ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖​ ប្រមុខ​ការទូត​កម្ពុជា ​បាន​ធ្វើ​បទ​បង្ហាញ​ជូន​អង្គទូត ស្តី​ពី​ការ​សម្រេចចិត្ត​របស់​កម្ពុជា ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ផ្ញើ​សេចក្តីជូនដំណឹង​ផ្លូវការ​ទៅ​កាន់​ប្រទេស​ថៃ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ស្តី​ពី​ការ​ចាប់ផ្តើម​របស់​កម្ពុជា ​ក្នុង​ការ​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម UNCLOS ដើម្បី​ដោះស្រាយ ដោយ​សន្តិ​វិធី​លើ​ការ​ទាមទារ​ដែនសមុទ្រ​ត្រួតស៊ីគ្នា​ ។

នៅ​រសៀល​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ជូន​ប្រធាន និង​តំណាង​បេសកកម្ម​ការទូត និង​អង្គការ អន្តរជាតិ​នានា​នៅ​រាជធានី​ភ្នំពេញ ស្តី​ពី​កា​រវិ​វត្ត​ចុង​ក្រោយបង្អស់​ទាក់ទង​នឹង​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ដោយផ្តោត​សំខាន់​លើ​ការ​ចាប់ផ្តើម​ដំណើរការ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ ស្តី​ពីនីតិ​សមុទ្រ (UNCLOS) របស់​កម្ពុជា ​។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី បាន​ចាប់ផ្តើម​កិច្ច​ប្រជុំ​ដោយ​សម្តែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន និង​មិត្ត​របស់​កម្ពុជា និង​ថៃ ដែល​បាន​បន្ត​គាំទ្រ ចំពោះ​បទ​ឈប់​បាញ់ និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​ជម្លោះព្រំដែន កម្ពុជា​-​ថៃ ​។

ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អ្នកចូលរួម​ថា នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៦ ថា ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើ​សេចក្តីជូនដំណឹង​ផ្លូវការ ​ទៅ​កាន់​ប្រទេស​ថៃ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ស្តី​ពី​ការ​ចាប់ផ្តើម​របស់​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម UNCLOS ដើម្បី​ដោះស្រាយ ដោយ​សន្តិវិធី​លើ​ការ​ទាមទារ​ដែនសមុទ្រ​ត្រួតស៊ីគ្នា​ ។

ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ពី​ការ​សោកស្តាយ និង​ការ​ខកចិត្ត​យ៉ាង​ជ្រាលជ្រៅ​របស់​កម្ពុជា ចំពោះ​កា​រស ម្រេច​ចិត្ត​របស់​ប្រទេស​ថៃ ក្នុង​ការ​ដកខ្លួន​ជា​ឯកតោភាគី ​ចេញពី​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ទាក់ទង​នឹង​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា ​នៃ​ខ្ពង់រាប បាតសមុទ្រ (MOU-2001)​។

ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា MOU-2001 បាន​ឆ្លុះ​បញ្ចាំង ពី​ឆន្ទៈ និង​ចេតនា​ពិតប្រាកដ​របស់​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ធ្វើការ​រួម​គ្នា​ដោយ​ស្មោះត្រង់ និង​អនុលោម​តាមច្បាប់​អន្តរជាតិ ដើម្បី​ដោះស្រាយ​ព្រំដែន​សមុទ្រ​ដោយ​សន្តិវិធី និង​អភិវឌ្ឍ​ធនធាន​រួម​គ្នា​នៅ​ក្នុង​តំបន់​ទាមទារ ដែនសមុទ្រ​ត្រួត​គ្នា​។ រយៈពេល​២៥​ឆ្នាំ​ កន្លង​មកនេះ MOU-2001 គឺជា​ក្រប​ខណ្ឌ​ទ្វេភាគី​តែ​មួយ​គត់ ដែល ភាគី​ទាំង​ពីរ​ពឹងផ្អែក​លើ ដើម្បី​ដោះស្រាយ​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​របស់​ខ្លួន ​។

ដោយសារ ថៃ​បាន​ដកខ្លួន​ចេញពី MOU-2001, បន្ទាប់​ពី​បាន​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន ​នូវ​រាល់​ជម្រើស​ប្រកបដោយ​សន្តិភាព​ និង​ស្របច្បាប់ កម្ពុជា​យល់​ថា ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ផ្តើម​ដំណើរការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្ក​ការ​សហប្រជាជាតិ​ ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) នោះ​ទេ​ ។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ក៏​បាន​រំលឹក​ផង​ដែរ ​អំពី​ដំណើរការ​ផ្សះផ្សា​ដោយ​បង្ខំ​លើក​ដំបូង​ក្រោម UNCLOS រវាង​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ និង​អូស្ត្រាលី ដែល​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ជាមួយនឹង​ការ​ដោះស្រាយព្រំដែន​សមុទ្រ ​ដោយ​សន្តិវិធី​ក្នុង​ឆ្នាំ​២០១៨ ​។

ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ក្តី​សង្ឃឹមថា តាម​រយៈការ​ផ្តើម​យន្តការ​ផ្លូវច្បាប់​ដោយ​សន្តិវិធី​ក្រោម UNCLOS នេះ កម្ពុជា​អាច​បង្ហាញ​ពី​តម្លៃ ​នៃ​ច្បាប់អន្តរជាតិ និងដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ក្នុង​ការ​ការពារ​អធិប​តេយ្យ ការ​ពង្រឹង​ទំនុកចិត្ត ការ​បើក​លទ្ធ​ភាព​ប្រើប្រាស់​ធនធាន ការ​គាំទ្រ​ការ​អភិវឌ្ឍ និង​ការ​រួមចំណែក​ដល់​សន្តិភាព និង​ស្ថិរភាព មិន​ត្រឹមតែ​សម្រាប់​កម្ពុជា និងថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​តំបន់​ទាំងមូល​ផង​ដែរ នេះ​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ ​នៃ​អនុសញ្ញា​នេះ​ផង​ដែរ ​។

ជា​ចុង​ក្រោយ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​សា​ជា​ថ្មី ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការដោះស្រាយ​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​ជាមួយ​ប្រទេស​ថៃ​ ដោយ​សន្តិវិធី និង​បាន​សម្តែង​ក្តី​សង្ឃឹម​យ៉ាងមុតមាំ​ថា ប្រទេស​ទាំង​ពីរ ​នឹង​អាច​សម្រេច​បាន​ នូវ​ដំណោះស្រាយ​មួយ​ដោយ​យុត្តិធម៌ និង​យូរអង្វែង ​៕