អតីតប្តីត្រូវបញ្ជូនទៅតុលាការហើយ ក្រោយលែងលះគ្នាជាង១ឆ្នាំ សុំត្រូវរ៉ូវវិញ ប្រពន្ធមិនព្រម ចា.ក់សាំងដុ.តនាងទាំងរ.ស់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យដៃដល់ម្នាក់ដែលជាអតីតប្តី ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួនបានបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ក្រោយពី ខឹងអតីតប្រពន្ធមិនព្រមត្រូវរ៉ូវវិញនាងមិនព្រម ជនដៃដល់ក៏បានយកសាំងចាក់ស្រោចដុតបណ្តាលឲ្យរលាករងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ការបញ្ជូនជនដៃដល់ចាក់សាំងដុតអតីតប្រពន្ធទាំងរស់(ជាបុរសញៀនថ្នាំ) ត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួន បញ្ជូនទៅតុលាការកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម (យកសាំងចាក់ដុតអតីតប្រពន្ធ) និងរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ជនសង្ស័យដៃដល់មានឈ្មោះ គឹម រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ។
គួររំលឹកផងដែរថា ករណីអតីតប្តីយកសាំងចាក់ដុតអតីតប្រពន្ធ បានកើតឡើងកាលពីវេលាម៉ោង ២០និង៤០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ជនល្មើសបានយកសាំងចាក់ស្រោចលើអតីតប្រពន្ធហើយដុតបណ្តាលឲ្យរលាករងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។
សម្រាប់មូលហេតុវិញ មកពីជនល្មើសខឹងជនរងគ្រោះជាអតីតប្រពន្ធមិនព្រមត្រូវរ៉ូវគ្នារួមរស់ជាប្តីប្រពន្ធវិញ ដោយសារតែលែងលះគ្នាជាង១ឆ្នាំហើយ។ ជនដៃដល់មានឈ្មោះ គឹម រដ្ឋា អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ រីឯជនរងគ្រោះមានឈ្មោះ ភួង ចន្ធូ អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។
ក្រោយឃាត់ខ្លួនជនសង្ស័យដៃដល់កម្លាំងអាវុធហត្ថ ដកហូតវត្ថុតាងបានរួមមាន៖ ដែកកេះចំនួន០១, ក្រាមសថ្លាចំនួន០១កញ្ចប់, ទូរសព្ទដៃ ម៉ាក Iphone 14 Pro max ពណ៌ស្វាយចំនួន០១គ្រឿង និងកែវជក់សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ផងដែរ។
បច្ចុប្បន្នជនសង្ស័យដៃដល់ខាងលើរួមជាមួយនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ