ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រុស្ស៊ី​វាយប្រហារតាមអាកាសទ្រង់ទ្រាយធំ បង្កឱ្យដាច់ចរន្តអគ្គិសនីទូទាំងអ៊ុយក្រែន និងស្លាប់មនុស្ស ១៦នាក់​

42 វិនាទី មុន

ទីក្រុងកៀវ៖ ក្រសួងថាមពលរបស់អ៊ុយក្រែនបានប្រកាសថា ការវាយប្រហារដោយគ្រាប់មីស៊ីល និងដ្រូនយ៉ាងចាស់ដៃរបស់កងទ័ពរុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារនេះ បានបណ្ដាលឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ចំនួន ៨ ជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីទាំងស្រុង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២ ខែមិថុនានេះ។

គ្រាន់តែនៅក្នុងទីក្រុងកៀវ មានទីតាំងផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនថាមពលមួយកន្លែងបានរងការខូចខាតយ៉ាងដំណំ បណ្ដាលឱ្យបុគ្គលិក ២ នាក់រងរបួស និងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រៅពីនេះទីតាំងប្រេង និងឧស្ម័នរបស់អ៊ុយក្រែនក៏រងការវាយប្រហារផងដែរ។

បើតាមកងទ័ពអាកាសអ៊ុយក្រែន រុស្ស៊ីបានបង្ហោះដ្រូនចំនួន ៦៥៦ គ្រឿង និងបាញ់មីស៊ីលចំនួន ៧៣ គ្រាប់ នៅក្នុងរលកនៃការវាយប្រហារចុងក្រោយនេះ ខណៈប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែនអាចស្ទាក់ចាប់បានដ្រូនចំនួន ៦០២ គ្រឿង និងមីស៊ីលចំនួន ៤០ គ្រាប់។ របាយការណ៍បឋមពីអាជ្ញាធរអ៊ុយក្រែនបានបញ្ជាក់ថា សោកនាដកម្មនេះបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១៦ នាក់បាត់បង់ជីវិត (ក្នុងនោះ ៥ នាក់ស្លាប់នៅរដ្ឋធានីគៀវ) និងជាង ១០០ នាក់ផ្សេងទៀតបានរងរបួស៕