រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានបង្ហោះលើផេកហ្វេសប៊ុកផ្លូវការថា កាលពីល្ងាចនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យឯកទេសមូត្រសាស្ត្រ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានចាប់យកសត្វឈ្លើងចេញពីប្លោកនោមអ្នកជំងឺជាបុរស វ័យប្រមាណ៣០ឆ្នាំម្នាក់ ដោយប្រើប្រាស់បច្ចេកទេស ឆ្លុះផ្លូវទឹកនោម (Endoscopic Procedure) ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ។
មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានឲ្យដឹងបន្តថា អ្នកជំងឺបានអញ្ជើញមកពិនិត្យនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព បន្ទាប់ពីមានអាការៈឈឺចាប់ ពិបាកនោម និងមានឈាមក្នុងទឹកនោម ក្រោយពេលបានចុះក្នុងទឹកបឹងធម្មជាតិ ។
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ឲ្យដឹងទៀតថា តាមរយៈការពិនិត្យអេកូសាស្ត្រ ក្រុមគ្រូពេទ្យបានប្រទះឃើញសត្វឈ្លើង(រស់)មានចលនានៅក្នុងប្លោកនោមរបស់អ្នកជំងឺ ហើយក្រុមគ្រូពេទ្យឯកទេសបានធ្វើការចាប់យកចេញដោយជោគជ័យ ។
មន្ទីរពេទ្យជាតិ តេជោសន្តិភាព សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចុះទឹកត្រពាំង ស្ទឹង បឹង ឬប្រភពទឹកធម្មជាតិផ្សេងៗដើម្បីបង្ការ និងកាត់បន្ថយហានិភ័យនៃការចូលរំខានរបស់ពពួកប៉ារ៉ាស៊ីត ឬសត្វល្អិតចូលក្នុងរាងកាយ ៕



ចែករំលែកព័តមាននេះ