ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (HOM AOT) ហ្វី​លី​ពី​ន​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​ពី​ស្ថានភាព​ព្រំដែន​នៅ​ច្រក​អានសេះ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ

3 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (HOM AOT) ហ្វី​លី​ពី​ន ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​ច្រក​អានសេះ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​ទាហាន​ថា រំលោភ​បំពាន​ហើយ​រាយ​លួស​បន្លា និង​ទូ​កុងតឺន័រ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៨:០៤​នាទី​ព្រឹក ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍អាស៊ាន​(AOT)​ដឹកនាំ​ដោយ​ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (HOM AOT) ហ្វី​លី​ពី​ន ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​ច្រក​អានសេះ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​ជាទី​តាំង​ត្រូវ​បាន​ទទួល​រង​ការ​វាយប្រហារ​រាយ​បន្លា​លួស និង​ដាក់​ពង្រាយ​ទូ​កុងតឺន័រ​កាន់កាប់​ដោយ​ខុស ច្បាប់​របស់​យោធា​ថៃ ដោយ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​បាន​នៅឡើយ និង​ធ្វើការ​ពិនិត្យ​លើ​ការ​គោរព និង​ការ​អនុវត្ត​វិធានការ​ទាំងអស់​ក្នុង​សេចក្តី​ប្រកាស​រួម​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​ផង​ដែរ​។

អ្នកនាំពាក្យ​ថា ការ​ចុះ​សង្កេតការណ៍​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន នៅ​ទីតាំង​ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា ហើយ​ត្រូវ​បាន​យោធា​ថៃ​កាន់កាប់​ដោយ​ខុសច្បាប់​ខាងលើ​នេះ​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ជា​ដាច់ខាត ក្នុង​ការ​ចាប់ផ្តើម​កិច្ចការ​វាស់វែង​ខ័​ណ្ឌ​សីមា​ដោយ​គណៈកម្មការ​ចម្រុះ​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ដូច​មាន​ចែង​នៅ​ក្នុង​ចំនុច​ទី​បី​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី ២៧ ធ្នូ ឆ្នាំ​២០២៥ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​របស់​កម្ពុជា​អាច​វិល​ត្រលប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ដោយ​មិន​មានការ​រារាំង ព្រមទាំង​ដោយ​សុវត្ថិភាព និង​កិត្តិយស​។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា​នៅ​តែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព និង​ស្ថិរភាព​យូរអង្វែង ៕