ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន លើក​តាំង​រូបសំណាក​ព្រះ​វិស្ណុ ​ធ្វើ​ពី​ថ្មភ្នំ ដាក់​លើ​រង្វង់​មូល​ថ្មី

1 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៦ លោក​ជំទាវ​ បាន ស្រី​មុំ​ អភិបាល​ នៃ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន ក្នុង​ឱកាស​លើក​តាំង​រូបសំណាក​ព្រះ​វិស្ណុ​ ១​អង្គ ​ដែល​ធ្វើ​អំពី​ថ្មភ្នំ ដាក់​លើ​រង្វង់​មូល​ថ្មី ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព និង​សុវត្ថិភាព ក្នុង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃ​លិ ក៍​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ ​និង​អន្តរជាតិ​ដែល​ចូល​មក​ក្នុង​ខេត្ត​ប៉ៃលិន​ ផង​ដែរ ​។

លោក​ជំទាវ បាន ស្រី​មុំ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ក្រោមគោលនយោបាយ​ឈ្នះ​ៗ និង​ក្រោម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ លើ​ផ្ទៃ​ប្រទេស មាន​ស្ថេ​រ​ភាព​នយោបាយ ជា​ពិសេស​បាន​ធ្វើ​ឱ្យ​ខេត្ត​ប៉ៃលិន ដែល​ជា​ខេត្ត​ជាយ​ដែន និង​ធ្លាប់​ជា​ខេត្ត​នៅ​ក្នុង​សមរភូមិ​យ៉ាង​ក្តៅ​គគុក មានការ​អភិវឌ្ឍ និង​រីក​ចម្រើន​លើ​គ្រប់​វិស័យ ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គួរ​ជាទី​មោ​ទ​ន ហើយ​ជាក់ស្តែង​បន្ទាប់​ពី​រង្វង់​មូល​ព្រះ​វិស្ណុ​មួយ​នេះ បាន​លេច​ចេញ​ជា​រូបរាង​ឡើង​នា​ពេល​នេះ គឺ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ និងភ្ញៀវ​ទេសចរ​បាន​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើត​មាន​ឡើងជា​ញឹកញាប់​នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​នេះ​ផង​ដែរ ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ ក៏បាន​មាន​ប្រសាសន៍​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​នាំ​គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា និង​រួម​គ្នា​ជួយ​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជា​ពិសេស​មេត្តា​យោគយល់ និង​អធ្យាស្រ័យ ចំពោះ​ផល​ប៉ះពាល់ ព្រមទាំង​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស និងអាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​ឱ្យ​សមិទ្ធផល​ថ្មី​នេះ​សម្រេច​បាន​ទៅ​តាម​ការ​គ្រោងទុក និង​ឆាប់​បាន​ប្រើប្រាស់​ទាំងអស់​គ្នា​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ៖ រូបសំណាក​ព្រះ​វិស្ណុ​ដៃ​៨ គឺជា​រូប​បង្ហាញ​អំណាច​សក្ការៈ​ខ្ពស់​បំផុត​មួយ​ក្នុង​សាសនា​ព្រហ្មញ្ញ​–​ហិណ្ឌូ និង​សិល្បៈ​ខ្មែរ​បុរាណ ដោយ​អត្ថន័យ​ទូទៅ​ព្រះ​វិស្ណុ ដៃ​៨ តំណាង​ឱ្យអំណាច​ពេញលេញ​ក្នុង​ទិស​ទាំង​៨ សមត្ថភាព​ការពារ​ពិភពលោក​គ្រប់​ទិស​ការ​គ្រប់គ្រង​សកលលោក និង​ធម៌ ហើយ​ដៃ​ទាំង​៨ កាន់​វត្ថុ​សក្ការៈ​ផ្សេង​ៗ ដែល​មាន​ន័យ​ជាក់លាក់​គឺ «​ចក្រ​»– យុត្តិធម៌ និង​ការ​ផ្តន្ទាទោស​អំពើ​អកុសល​, «​ស័ង្ខ​» – សំឡេង​សកល ការ​ដាស់​ភ្ញាក់ ធម៌​, «​ក​ដា​»– កម្លាំង និង​ការ​ការពារ​, «​ផ្កាឈូក​»– ភាព​បរិសុទ្ធ បញ្ញា និង​ការ​កើតឡើង​វិញ​, «​ធ្នូ​»– ការ​ត្រៀម​ការពារ និង​ការ​គ្រប់គ្រង​សត្រូវ​, «​ព្រួញ​»– ការ​ចាត់ចែង និង​ការ​វាយប្រហារ​លើ​អំពើអាក្រក់​, «​ដាវ​»– ប្រាជ្ញា កាត់​ផ្តាច់​អវិជ្ជា​, និង​«​ខែល ឬ ខ្សែ​»– ការ​ការពារ និង​ការ​គ្រប់គ្រង​អំពើ​អសុរ​(​វត្ថុ​ខ្លះ​អាច​ខុស​គ្នា​តាម​សិល្បៈ និង​សម័យ​)៕