ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចចិត្តលុបចោលការគំរាមកំហែង កាលពីមុន ដែលបម្រុងនឹងទារថ្លៃសេវា (ឬពន្ធ) 20% លើរាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC News។

លោកបញ្ជាក់ថា ការមិនយកពន្ធនេះ នឹងត្រូវជំនួសមកវិញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគ «ដ៏ធំសម្បើម» ពីសំណាក់បណ្តារដ្ឋអារ៉ាប់នៅតំបន់ឈូងសមុទ្រ ចូលមកក្នុងសហរដ្ឋអាមេរិក។
ទោះបីជាលុបចោលគម្រោងពន្ធមែន ប៉ុន្តែអាមេរិកបានចាប់ផ្តើមយុទ្ធនាការបិទផ្លូវទឹកកងទ័ពជើងទឹកលើប្រទេសអ៊ីរ៉ង់ឡើងវិញ ដើម្បីរឹតត្បិតសេដ្ឋកិច្ចទីក្រុងតេអេរ៉ង់ ។ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (Centcom) បានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ (ឈានចូលយប់ទីបី) ទៅលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងតំបន់ក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ផងដែរ ដើម្បីកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើនាវាពាណិជ្ជកម្ម ។
អ៊ីរ៉ង់បានវាយបកទៅលើមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសបារ៉ែន និងហ្ស៊កដានី ដោយចោទអាមេរិកថា បានជ្រៀតជ្រែកការគ្រប់គ្រងរបស់ខ្លួននៅច្រកសមុទ្រហ័រមូស។ ទោះជាយ៉ាងណា អ៊ីរ៉ង់ប្រកាសថានឹងនៅតែបន្តគ្រប់គ្រងច្រកសមុទ្រនេះដដែល។
ការវាយប្រហារតបតគ្នានេះ បានធ្វើឱ្យចរាចរណ៍ដឹកជញ្ជូនប្រេងកាតស្ទើរតែជាប់គាំងទាំងស្រុង និងធ្វើឱ្យតម្លៃប្រេងលើពិភពលោកហក់ឡើងខ្ពស់យ៉ាងខ្លាំង។
លោកត្រាំ បានប្រកាសថា បច្ចុប្បន្នអាមេរិកគឺជា «អាណាព្យាបាល» នៃច្រកសមុទ្រនេះ ។ លោកបានសរសេរលើបណ្តាញសង្គម Truth Social ថា ឥឡូវនេះផ្លូវទឹកនេះបានបើកចំហសម្រាប់កប៉ាល់ទាំងអស់ លើកលែងតែអ៊ីរ៉ង់មួយប៉ុណ្ណោះ ហើយលោករំពឹងថា ប្រេងនឹងចាប់ផ្តើមហូរហៀរឡើងវិញ ក្រោមការការពារពីយោធាអាមេរិក ។
លោកបន្ថែមថា ការផ្លាស់ប្តូរចិត្តមិនយកពន្ធ 20% នេះ គឺធ្វើឡើងបន្ទាប់ពីលោកទទួលបានការទូរសព្ទជាច្រើនពីថ្នាក់ដឹកនាំអារ៉ាប់នៅតំបន់ឈូងសមុទ្រ ។

ចែករំលែកព័តមាននេះ