ខេត្តប៉ៃលិន ៖ បុរសម្នាក់ បានគេដឹងថា ទទួលរងគ្រោះធ្លាក់ចូលក្នុងអន្ទាក់ នៃការល្បួងលួងលោមរបស់ក្រុមអ្នកទិញលក់មាស ឬហៅថាលេងហាងឆេងមាស តាមប្រព័ន្ធ«អនឡាញ» ដោយអស់ប្រាក់ពីខ្លួនរលីង រហូតចងការ និងជំពាក់បំណុលគេវ័ណ្ឌកថែមទៀត ។
បើតាមការរៀបរាប់ពីលោក នាក់ ង៉យ បច្ចុប្បន្នរស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជាជនរងគ្រោះក្នុងរឿងរ៉ាវខាងលើនេះ បានលើកឡើងឱ្យដឹងថា រូបលោកបានធ្លាក់ចូលក្នុងអន្ទាក់ នៃការទិញលក់មាសជាមួយស្ត្រីម្នាក់ តាមប្រព័ន្ធអនឡាញរហូតអស់លុយពីខ្លួន ហើយជំពាក់បំណុលគេរាប់ម៉ឺន មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីរូបនោះក៏បានគំរាម ហើយនឹងប្តឹងទៅតុលាការថែមទៀតផង ។
បើតាមប្រភពព័ត៍មានពីលោក នាក់ ង៉យ បានរៀបរាប់ឲ្យដឹងថា ដំបូងឡើយ គឺលោកបានស្គាល់ពីរនាក់ប្តីប្រពន្ធ ដែលជាអ្នកលក់មាសនៅផ្សារសាមគ្គី ហៅប៉ាហ៊ី ខេត្តប៉ៃលិន បន្តមកពីពីរនាក់ប្តីប្រពន្ធនេះ បានបញ្ចុះបញ្ចូលលោកឲ្យស្គាល់ស្ត្រីម្នាក់ឈ្មោះ ទី ម៉ីយ៉ាវ ដែលជាអាជីវករលក់មាស នៅខេត្តបាត់ដំបង ដើម្បីឲ្យទិញហាងឆេងមាស ។
លោក នាក់ ង៉យ បានបន្តថា បន្ទាប់ពីស្គាល់ស្ត្រីឈ្មោះ ទី ម៉ីយ៉ាវ រួចមក ដើម្បីបង្កើន នូវទំនុកចិត្ត និងទាក់ទាញលោកឲ្យស្លុងខ្លួនឈ្មោះ ទី ម៉ីយ៉ាវ ក៏បានប្រើល្បិចលួងលោមអូសទាញឲ្យចូលរួមលេងទិញលក់ហាងឆេងមាស ក្នុងចំនួនបន្តិចន្តួចសិន ដោយក្នុងដំណាក់កាលដំបូងបង្អស់នោះ ស្ត្រីរូបនេះធ្លាប់បានធ្វើការដោះដូរ ប្រគល់មាសពិតប្រាកដឲ្យមកខ្លួន ចំនួន១ដងទៅ២ដងដែរ។ ការធ្វើបែបនេះ គឺជាការធ្វើផែនការរៀបចំទុកជាមុន ឬអាចនិយាយបានថា ដាក់នុយបោកប្រាស ដើម្បីឲ្យលោកមានការជឿជាក់ទាំងស្រុងថា អាជីវកម្មអនឡាញរបស់គេមានមាសពិតប្រាកដមែន ។
លោក នាក់ ង៉យ បានបន្តទៀតថា បន្ទាប់ពីបង្កើតទំនុកចិត្តបានហើយ ឈ្មោះ ទី ម៉ី យ៉ាវ ក៏បានចាប់ផ្តើមអូសទាញបំផុសបំផុលឲ្យលោក ដាក់ទុនទិញលក់ក្នុងចំនួនយ៉ាងច្រើនសន្ធឹកបន្ធាប់។ តែទោះជាយ៉ាងណា ចាប់ពីពេលនោះមក ការទិញលក់ពុំមានមាសជាក់ស្តែងប្រគល់ឲ្យលោកទៀតឡើយ គឺមានត្រឹមតែការនិយាយលើមាត់ និងការកុម្ម៉ង់ខ្យល់តាមរយៈប្រពន្ធ័តេឡេក្រាម ថា យក១០០តម្លឹង ឬ២០០តម្លឹង ដោយតម្រូវឲ្យលោកផ្ទេរប្រាក់កក់ ឬប្រាក់ទិញដាច់ជាបន្តបន្ទាប់ ដោយពុំឃើញមានមាសពិតប្រាកដ លក់ប្រគល់ឲ្យយកមករក្សាទុកក្នុងដៃនោះទេ ។
ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោកបានផ្ទេរប្រាក់កក់ដំណាក់កាលទី១ ចំនួន២ម៉ឺនដុល្លារអាមេរិក ដោយផ្ទេរតាមធនាគារ អេស៊ីលីដា ១ម៉ឺនដុល្លារ និងសាច់ប្រាក់សុទ្ធ ចំនួន១០,០០០ដុល្លារ ។ បន្ទាប់មក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឈ្មោះ ទី ម៉ីយ៉ាវ បានអូសទាញឲ្យលោកកក់ប្រាក់ដំណាក់កាលទី២ បន្ថែមចំនួន២០,០០០ដុល្លារអាមេរិកទៀត តាមធនាគារអេស៊ីលីដា ដែលសរុបប្រាក់ដើមពិតប្រាកដ ដែលលោកប្រគល់ឲ្យឈ្មោះ ទី ម៉ីយ៉ាវ គឺមានចំនួន ៤០,០០០ដុល្លារអាមេរិក ។ លុះដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ហាងឆេងមាសឡើងថ្លៃ នាំឲ្យការវិនិយោគរបស់លោក ទទួលបានប្រាក់ចំណេញរហូតដល់ ៨៨,០០០ដុល្លារអាមេរិក ដែលសរុបទាំងប្រាក់ដើមមានចំនួន ១២៨,០០០ដុល្លារអាមេរិក ។ ពេលនោះ នៅពេលដែលលោកទារទូទាត់យកប្រាក់ចំណេញ ក្នុងចំនួនដ៏ច្រើននេះ ស្រាប់តែឈ្មោះ ទី ម៉ីយ៉ាវ បានស្តែងចេញនូវចេតនាទុច្ចរិតស៊ីដាច់ ដោយគេចវេស មិនព្រមបើកប្រាក់ចំណេញឲ្យលោកឡើយ រួចប្រើអំណាចចិត្តខ្លួនឯង ឯកតោភាគី បង្កកប្រាក់ចំណេញនោះទុក រួចបង្ខំប្រើល្បិចឲ្យលោកយកប្រាក់ចំណេញនោះ ទៅទិញកាត់ហាងឆេងមាសបន្តទៀត ចំនួន៧០,០០០ដុល្លារអាមេរិក ដោយនៅសល់ប្រាក់ចំណេញចំនួន ៥៨,០០០ដុល្លារទៀត ដែលជននេះ មិនព្រមប្រគល់ឲ្យ ។
លោក នាក់ ង៉យ បញ្ជាក់ថា ករណីនេះឈ្មោះ ទី ម៉ីយ៉ាវ បានប្រើល្បិចអូសបន្លាយ និងពន្យារពេលដោយចេតនា រហូតរង់ចាំដល់ពេលទីផ្សារហាងឆេងមាសមានការធ្លាក់ចុះ ស្រាប់តែជននេះ បានធ្វើការទូទាត់តួលេខខ្យល់ដោយចិត្តឯង រួចទម្លាក់កំហុស និងបង្វែរមកទាមទារឲ្យលោកសងប្រាក់ខាតបង់ឲ្យទៅរូបគេបន្ថែមចំនួន ៦០,០០០ដុល្លារអាមេរិក ទៅវិញ ដោយដោះសារភូតភរថា ប្រាក់កក់ និងប្រាក់ចំណេញទាំងអស់ ត្រូវបានកាត់អស់ហើយ និងនៅជំពាក់រូបគេថែមទៀត ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ បើតាមក្រុមអ្នកច្បាប់ បានលើកឡើងថា សកម្មភាពរបស់ឈ្មោះ ទី ម៉ីយ៉ាវ គឺជាអំពើល្មើសច្បាប់ ដោយមានភស្តុតាងស្តែង ឡើងតាមរូបភាពរួមមាន ៖
ទី១.ការប្រើល្បិចកលបង្កើតទំនុកចិត្តក្លែងក្លាយ (ល្បិចទាក់នុយ) ដែលស្ត្រីរូបនេះមិនមានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម អនឡាញ ពីស្ថាប័នជំនាញឡើយ ។ ជននេះបានរៀបចំគម្រោងការជាមុន ដោយព្រមប្រគល់មាសឲ្យដោះដូរ១ដង ឬ២ដងដំបូង ក្នុងបំណងបង្កើតទំនុកចិត្តក្លែងក្លាយ ធ្វើឲ្យភាគីម្ខាងទៀតជឿជាក់ និងទម្លាក់ទុនធំ រួចក៏កែប្រែមកជាការទិញលក់តាមមាត់ និងតាមប្រព័ន្ធតេឡេក្រាម គ្មានមាសសុទ្ធពិតប្រាកដ (អាជីវកម្មខ្យល់) ។ ការប្រើរូបភាពជាអ្នកលក់មាសនៅផ្សារ និងវិកយប័ត្រផ្សារ គ្រាន់តែជាខែល ដើម្បីបំភ័ន្តភ្នែកប៉ុណ្ណោះ ។
ទី២.ការបង្កលុយនិងបង្វិលតួលេខដើម្បីស៊ីដាច់ នៅពេលដែលហាងឆេងឡើង ជននេះបង្កលុយមិនឲ្យដកដើម្បីលាក់បាំងការពិតថាខ្លួនគ្មានមាស និងគ្មានលុយទូទាត់ពិតប្រាកដ ។ លុះនៅពេលហាងឆេងមាសធ្លាក់ចុះជននេះកាត់តួលេខដោយចិត្តឯងដើម្បីរិបអូសយកលុយដើម របស់ភាគីម្ខាងទៀតទាំងអស់ ហើយថែមទាំងបោកប្រាស់ទារលុយបន្ថែមទៀតផងដែរ ។ ដែលទាំងនេះ គឺជាឧបាយកលទុច្ចរិតក្នុងគោលបំណងកេងប្រវ័ញ្ញ និងស៊ីដាច់ទ្រព្យសម្បត្តិអ្នកដទៃយ៉ាងពិតប្រាកដ ។
ទី៣.ការខូចខាតយ៉ាងធ្ងន់ធ្ងរ ទង្វើទុច្ចរិតនេះ ក៏បានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពអាជីវកម្ម លំហូរហិរញ្ញវត្ថុនិងបង្កសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងដល់អ្នកដទៃផងដែរ ។
ដោយឡែក បើតាមការលើកឡើងរបស់មន្ត្រីជំនាញ មូលប័ត្រកម្ពុជា ( SERC ) បានពន្យល់ថា ការទិញលក់មាសតាមអនឡាញ មិនខុសច្បាប់នោះទេ ប្រសិនបើអ្នកធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុន ឬហាងមាស ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីស្ថាប័នរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ ភាពស្របច្បាប់នេះ ត្រូវបានបែងចែកជាពីរទម្រង់ច្បាស់លាស់ អាស្រ័យលើប្រភេទ នៃការជួញដូរ ៖
១. ការជួញដូរហាងឆេងមាស (Derivatives/Forex Trading) លក្ខខណ្ឌស្របច្បាប់៖ គណៈកម្មការមូលបត្រកម្ពុជា (SERC) អនុញ្ញាតឱ្យមានការជួញដូរហាងឆេងមាសអន្តរជាតិតាមអនឡាញ។ ប៉ុន្តែអ្នកត្រូវបើកគណនីជួញដូរជាមួយក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ (Derivative Broker) ដែលមានអាជ្ញាប័ណ្ណផ្លូវការពី និយ័តករមូលបត្រកម្ពុជាប៉ុណ្ណោះ។ ភាពខុសច្បាប់ ៖ ការវិនិយោគ ឬជួញដូរជាមួយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាប័ណ្ណពី SERC គឺខុសច្បាប់ និងប្រឈមនឹងការចិញ្ចឹមចិត្តបោកប្រាស់។
២. ការទិញលក់មាសដុំ ឬមាសគ្រឿងពិតប្រាកដ (Physical Gold) លក្ខខណ្ឌស្របច្បាប់៖ ការបញ្ជាទិញមាសគ្រឿង ឬមាសដុំពីហាងមាសតាមរយៈគេហទំព័រ ឬកម្មវិធីទូរសព្ទផ្លូវការរបស់ហាង គឺស្របច្បាប់។ ហាងមាសទាំងនោះត្រូវតែមានអាជ្ញាប័ណ្ណអាជីវកម្ម និងការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា (NBC)។ ភាពខុសច្បាប់/ហានិភ័យខ្ពស់៖ ក្រសួងមហាផ្ទៃធ្លាប់បានព្រមាន) យ៉ាងម៉ឺងម៉ាត់ចំពោះការទិញលក់មាសដែលផ្សព្វផ្សាយអនាធិបតេយ្យតាមបណ្តាញសង្គម (ដូចជា Facebook, TikTok) ដោយគ្មានទីតាំងច្បាស់លាស់ ព្រោះមានករណីលក់មាសក្លែងក្លាយ ឬបោកប្រាស់លុយ ។
ដូច្នេះ ដើម្បីឲ្យមានសុវត្ថិភាពត្រូវពិនិត្យមើលអាជ្ញាប័ណ្ណ ៖ មុននឹងដាក់លុយជួញដូរ ត្រូវប្រាកដថាក្រុមហ៊ុននោះមានឈ្មោះក្នុងបញ្ជីស្របច្បាប់របស់ SERC។ ទិញពីហាងមានយីហោច្បាស់លាស់៖ សម្រាប់ការទិញមាសពិត គួរជ្រើសរើសហាងដែលមានហាងផ្ទាល់ខ្លួន និងមានលិខិតធានាទិញ-លក់ត្រឹមត្រូវ។
ជៀសវាងការសន្យាចំណេញខ្ពស់៖ ក្រុមជនខិលខូចតែងតែប្រើរូបភាព “គ្រូបង្រៀនរកលុយតាមអនឡាញ” ឬ “ប្រព័ន្ធចំណេញស្វ័យប្រវត្តិ” ដើម្បីអូសទាញ ដែលសកម្មភាពទាំងនេះភាគច្រើនជាការបោកប្រាស់យ៉ាងពិតប្រាកដ៕






ចែករំលែកព័តមាននេះ