ដំណាំកាហ្វេខេត្តមណ្ឌលគិរី កំពុងមានសន្ទុះខ្លាំង ខណៈកសិករសម្រុកពង្រីកផ្ទៃដីដាំដុះតម្រូវទីផ្សារ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ វិស័យកសិកម្មនៅក្នុងខេត្តមណ្ឌលគិរី កំពុងបង្ហាញពីវឌ្ឍនភាព និងសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ខណៈដែលប្រជាកសិករនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ កំពុងមមាញឹកក្នុងការថែទាំ និងពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ដែលកំពុងមានការគាំទ្រខ្ពស់លើគុណភាព និងរសជាតិកាហ្វេតំបន់ខ្ពង់រាប។
លោក តេវ ខ្នា កសិករមួយរូបរស់នៅភូមិពូលូង បានមានប្រសាសន៍ឱ្យដឹងថា ដោយមើលឃើញពីឱកាសសេដ្ឋកិច្ច និងសក្តានុពលទីផ្សារកាហ្វេ លោកបានបែងចែកផ្ទៃដីសរុបចំនួន ២០ហិកតា សម្រាប់ការធ្វើកសិកម្មចម្រុះ។ លោកបានដាំដុះដំណាំកាហ្វេលើផ្ទៃដីសរុបចំនួន ៧ហិកតា ដែលក្នុងនោះមានផ្ទៃដីចំនួន ៤ហិកតា កំពុងប្រមូលផល និង ៣ហិកតាទៀត គឺជាផ្ទៃដីដែលលោកទើបនឹងពង្រីកការដាំដុះកូនកាហ្វេថ្មី។
លោក តេវ ខ្នា បានបញ្ជាក់បន្ថែមថា៖ «តម្លៃគ្រាប់កាហ្វេស្រស់ជាមធ្យមដែលលក់ចេញនៅលើទីផ្សារបច្ចុប្បន្ន គឺស្ថិតក្នុងរង្វង់ចន្លោះពី ៣,៥០០ រៀល ទៅ ៤,០០០ រៀល ក្នុងមួយគីឡូក្រាម»។ ក្រៅពីដំណាំយុទ្ធសាស្ត្រមួយនេះ លោកក៏បានដាំដំណាំរួមផ្សំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដទៃទៀតដូចជា ចេក ធូរេន និងផ្លែប័រ ដើម្បីបង្កើនប្រភពចំណូល និងធានាស្ថិរភាពហិរញ្ញវត្ថុគ្រួសារ។
គួរកត់សម្គាល់ផងដែរថា ក្រៅពីខេត្តមណ្ឌលគិរី ការដាំដុះដំណាំកាហ្វេក៏កំពុងរីករាលដាល និងពង្រីកផ្ទៃដីនៅតាមបណ្តាខេត្តតំបន់ខ្ពង់រាប និងជួរភ្នំដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ រួមមានខេត្តរតនគិរី និងតំបន់អូរសោម នៅក្នុងខេត្តពោធិ៍សាត់។ ការពង្រីកខ្លួននៃឧស្សាហកម្មកសិកម្មនេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយម៉ាកយីហោកាហ្វេរបស់កម្ពុជា ឱ្យកាន់តែមានឈ្មោះល្បីល្បាញលើទីផ្សារជាតិ និងអន្តរជាតិ។
យោងតាមទិន្នន័យផ្លូវការដែលបញ្ជាក់ដោយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៦នេះ ផ្ទៃដីដាំដុះដំណាំកាហ្វេសរុបទូទាំងខេត្ត មានចំនួន ៦២៧ ហិកតា ក្នុងនោះផ្ទៃដីដីដែលកំពុងប្រមូលផលមានចំនួន ៥១៣ ហិកតា ដែលអាចផ្តល់ទិន្នផលគ្រាប់កាហ្វេសរុបជូនទីផ្សារបានចំនួន ១,២៤៧ តោន។
យោងតាមលក្ខណៈភូមិសាស្ត្រ ខេត្តមណ្ឌលគិរី គឺជាតំបន់ដែលមានដីក្រហមភ្នំភ្លើងដ៏មានជីជាតិ និងមានអាកាសធាតុត្រជាក់អំណោយផល ដោយសីតុណ្ហភាពស្ថិតនៅចន្លោះពី ១២អង្សាសេ ទៅ ២២អង្សាសេ ដែលជាលក្ខខណ្ឌធម្មជាតិល្អបំផុតសម្រាប់កាតាលីករនៃការលូតលាស់របស់ដំណាំកាហ្វេ។ បច្ចុប្បន្ន ពូជកាហ្វេល្បីៗដែលកសិករនៅក្នុងតំបន់និយមដាំដុះ រួមមាន ពូជអារ៉ាប៊ីកា (Arabica) និងពូជរ៉ូប៊ូស្កា (Robusta)៕












ចែករំលែកព័តមាននេះ