ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងឱ្យចូលទស្សនាហើយ! អាជ្ញាធរអន្តរាគមន៍រឿងឈុតបុរាណមុខអង្គរវត្ត ចាប់ពីថ្ងៃនេះតទៅបើខុសក្បួនខ្នាតខ្មែរ គឺហាមដាច់ខាត

3 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តសៀមរាប អប់រំ​ណែនាំ​ដល់​អាជីវករ​ជួល​ឈុត​បុរាណ នៅ​មុខ​ប្រាសាទអង្គរវត្ត ពិសេស​ការ​ប្រើប្រាស់​កំណាត់ និង​គ្រឿងអលង្ការ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ ឡាវ និង​ចិន ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​អប្សរា​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ ។

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប អាជ្ញាធរ​ដែនដី រួម​ទាំង​ប៉ូលិស​ការពារ​បេតិកភណ្ឌ បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អាជីវករ ដែល​បម្រើសេវា​កម្មជួល​សម្លៀក​បំពាក់​បែប​ខ្មែរ​បុរាណ​ឱ្យ​ភ្ញៀវ​ទេសចរ ដែល​បាន​ទៅ​ទស្សនា​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៦​។

ការ​ជួប​សំណេះសំណាល​នេះ ក្នុង​គោលបំណង​ចង់ឱ្យ​ក្រុម​អាជីវករ​ទាំងអស់ ដែល​ប្រកប​មុខរបរ​បម្រើសេវា​តុបតែង ឬ​ជួល​សម្លៀក​បំពាក់​បែប​ប្រពៃណី​ខ្មែរ ដល់​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​អង្គរ បាន​យល់​ដឹង​យ៉ាង​ត្រឹមត្រូវ​នូវ​រចនាបថ និង​ក្បួនខ្នាត​សម្លៀក​បំពាក់​ប្រពៃណី​បុរាណ​របស់​ខ្មែរ និង​យល់​ដឹង​ថា អ្វី​ដែល​មិនមែន​ជា​ប្រពៃណី​ខ្មែរ ហើយ​បម្រើ​ឱ្យ​វប្បធម៌​បរទេស​។

មន្ត្រី​ការិយាល័យ​សូន​រូប នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប ដែល​ជំនាញ​លើ​សិល្បៈ​បុរាណ​ខ្មែរ និង​បាន​ស្រាវជ្រាវ​លើ​ផ្នែក​សម្លៀក​បំពាក់​ខ្មែរ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ លោក ចាន់ សោភ័ន ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​អាជីវករ​មួយ​ចំនួន​នៅ​ខាង​មុខ​បរិវេណ​ប្រាសាទអង្គរវត្ត បាន​ជួល​ឈុត​បុរាណ ដែល​បាន​ស្លៀកពាក់​ខុស​ពី​ទម្រង់​ដើម មាន​៧០​ភាគរយ ។ ពិសេស​ការ​ប្រើប្រាស់​កំណាត់ និង​គ្រឿងអលង្ការ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ ឡាវ និង​ចិន ។ សកម្មភាព​នេះ គឺ​ប្រាសចាក​ពី​អត្តសញ្ញាណ​ជាតិ និង​វប្បធម៌​របស់​ខ្មែរ​ទាំងស្រុង ដូច​ជា ការ​បម្រើ​ឱ្យ​វប្បធម៌​បរទេស ។

    លោក ពន្យល់​ថា ការ​ស្លៀកពាក់​តាម​បែប​បុរាណ​ខ្មែរ គឺ​ត្រូវ​តែ​ប្រើ​កំណាត់ និង​គ្រឿងអលង្ការ​ដែល​ជា​របស់​ខ្មែរ ហើយ​ក៏​មិន​ត្រូវ​កែ​ច្នៃ​ឈុត​ណាមួយ​ឱ្យ​ខុស​ពី​ក្បួនខ្នាត​ខ្មែរ​ដែរ​។ ការ​ប្រើ​គ្រឿងអលង្ការ និង​កំណាត់​ទៀត​សោត ក៏​មិន​ត្រឹមត្រូវ​ទៅ​តាម​ឋានៈ​របស់​មនុស្ស​ខ្មែរ​ក្នុង​សម័យ​បុរាណ​ដែរ ។

    ការ​ស្លៀកពាក់ និង​ការ​តុបតែង​ខ្លួន​របស់​ខ្មែរ​បុរាណ​ទៀត​សោត មាន​ទម្រង់​ច្បាស់លាស់​ទៅ​តាម​ឋាន​យស​សក្ដិ រាប់​ចាប់ពី​ព្រះមហាក្សត្រ​ដល់​រាស្ត្រ​សាមញ្ញ ។ ឧទាហរណ៍ ដូច​ជា​សម្លៀក​បំពាក់​ហូល​ដែល​ធ្វើ​ពី​សូត្រ សម្រាប់​ព្រះមហាក្សត្រ ម្ចាស់​ក្ស​ត្រី កំណាត់​ល្បើក និង​ល្បើក​ជ័រ​ជើង សម្រាប់​ឋានៈ​សេដ្ឋី គហបតី និង​កំណាត់​ដែល​ត្បាញ​ពី​កប្បាស សម្រាប់​មនុស្ស​សាមញ្ញ​ទូទៅ​ជាដើម ។

    លោក ចាន់ សោភ័ន លើកទឹកចិត្ត​ឱ្យ​អាជីវករ​ទាំងអស់ ត្រូវ​តែ​កែប្រែ​បន្តិច​ម្តង​ៗ​មក​ប្រើ​ហូល សូត្រ ឬ​ល្បើក​ពេជ្រ ល្បើក​រងជើង និង​អ​ល​ង្ក​ការ​ខ្មែរ ដែល​ជា​ការ​លើក​តម្លៃ​អ្នក​តម្បាញ និង​ជាងទង​ខ្មែរ ហើយ​វប្បធម៌​ខ្មែរ​នៅ​គង់វង្ស​មិន​បាត់បង់ ។
    លោក ទេស សុធីរ អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ថ្លែង​ថា ការ​ជួល​សម្លៀក​បំពាក់ ឬ​ឈុត​បុរាណ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អង្គរ មិន​ត្រឹមត្រូវ​តាម​ទម្រង់​ដើម មានការ​រិះគន់​ជា​បន្តបន្ទាប់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​នៃ​វប្បធម៌​ខ្មែរ ។

    អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប សំណូមពរ​ឱ្យ​ក្រុម​អាជីវករ ដែល​បម្រើសេវា​កម្មជួល​សម្លៀក​បំពាក់ ឬ​ឈុត​បុរាណ កាត់​បន្ថយ​រហូត​ឈាន​ដល់​ការ​បញ្ឈប់​ការ​ប្រើប្រាស់​កំណាត់​បរទេស ដូច​ជា កំណាត់​ដែល​មាន​តម្លៃ​ថោក​ៗ ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ចិន​ទាំងស្រុង ។

    អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាក់​កំហិត​ថា ចាប់ពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៦ តទៅ ចំពោះ​សម្លៀក​បំពាក់​បុរាណ ដែល​ច្នៃ​ខុស​ពី​ទម្រង់​ដើម​នៃ​បែបផែន​ខ្មែរ គ្មាន​ក្បួនខ្នាត​ត្រឹមត្រូវ ឬ​ប្រាសចាក​ពី​ទម្រង់​ដើម គឺ​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ទស្សនា​អង្គរ​ទៀត​ឡើយ ។ ចំណែក​សម្លៀក​បំពាក់ ដែល​ប្រើប្រាស់​កំណាត់​មក​ពី​ថៃ ឡាវ និង​ចិន គឺ​ត្រូវ​បញ្ចប់​ជា​ស្ថាពរ នៅ​ត្រឹម​ខែមករា ឆ្នាំ​២០២៧ ខាង​មុខ ៕