ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំស្នើដកថ្លៃសេវា២០% ជាថ្នូរនឹងការការពារនាវាដឹកជញ្ជូននៅច្រកសមុទ្រហ័រមូស

51 វិនាទី មុន

ចាប់តាំងពីសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយភាគីអ៊ីរ៉ង់បានផ្ទុះឡើងមក ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិបានអំពាវនាវសុំការការពារបន្ថែមសម្រាប់នាវាឆ្លងកាត់ ច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងគ្រប់គ្រងដោយភាគីអ៊ីរ៉ង់ ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ។

ជាការឆ្លើយតប ប្រធានាធិបតី​ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកអាចផ្តល់ការការពារសន្តិសុខនេះបាន ប៉ុន្តែត្រូវទាមទារ «ថ្លៃសេវា​២០%» លើទំនិញទាំងអស់ដែលដឹកជញ្ជូនកាត់ផ្លូវទឹកមួយនេះ ។

នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទ លោក Trump បានបញ្ជាក់ថា៖ «ចាប់ពីពេលនេះតទៅ សហរដ្ឋអាមេរិកនឹងត្រូវបានគេស្គាល់ថា ជា «អ្នកការពារច្រកសមុទ្រ Hormuz»។ ដើម្បីភាពយុត្តិធម៌ យើងនឹងដកហូតកម្រៃក្នុងអត្រា ២០% លើរាល់ទំនិញទាំងអស់ដែលបានដឹកជញ្ជូន ដើម្បីទូទាត់លើការចំណាយចាំបាច់ទាំងឡាយ​ក្នុងការផ្តល់សុវត្ថិភាព និងសន្តិសុខដល់តំបន់ដ៏ប្រកបដោយភាពប្រែប្រួលខ្លាំងមួយនេះនៃពិភពលោក»។

យោងតាមលោក John McCown អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រសមុទ្រ (Center for Maritime Strategy) បានប្រាប់សារព័ត៌មាន CNN ថា ចំណុចដំបូងនិងសំខាន់បំផុត គឺក្រុមហ៊ុនដឹកជញ្ជូនត្រូវដឹងឱ្យច្បាស់ពីតម្លៃសេវា ដើម្បីសម្រេចចិត្តថា តើពួកគេគួរប្រើប្រាស់សេវាការពារនេះដែរឬទេ។

ទោះជាយ៉ាងណា ផ្អែកលើការបង្ហោះរបស់លោក Trump គេនៅមិនទាន់ដឹងច្បាស់ថា តើថ្លៃសេវា ២០% នោះនឹងត្រូវគណនាតាមរបៀបណាឡើយ ។