រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះស្តារប្រព័ន្ធលូជាអាទិភាព នៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា ដើម្បីបង្ការការកកស្ទះទឹកភ្លៀង និងការពារមិនឲ្យមានទឹកដក់លើផ្លូវសំខាន់ៗ ក្រោយពីបានអនុវត្តការស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀងនៅតាមខណ្ឌកណ្តាលក្រុង ។
ក្នុងឱកាសដឹកនាំក្រុមការងារចុះស្តារប្រព័ន្ធលូ ដើម្បីកាយភក់ និងសំរាមដែលអាចបង្កការរាំងស្ទះដល់លំហូរទឹកភ្លៀង លោក ឯក ឃុនដឿន អភិបាលរង រាជធានីភ្នំពេញ បានដឹកនាំការងារចាប់ពីតំបន់ផ្លូវលេខ២១១ បន្តទៅកាន់ផ្លូវលេខ២១៥ ផ្លូវលេខ១៨២ និងបណ្តាញលូសំខាន់ៗផ្សេងទៀត ដែលមានប្រវែងសរុបប្រមាណ ៣.២៣៤ម៉ែត្រ ក្នុងខណ្ឌ៧មករា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។
លោក ឯក ឃុនដឿន បានណែនាំឱ្យក្រុមការងារអនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយយកចិត្តទុកដាក់លើផ្លូវ និងតំបន់ដែលមានភាពចាំបាច់ត្រូវស្តារជាបន្ទាន់ ដើម្បីធានាថា ប្រព័ន្ធលូ មិនមានការរាំងស្ទះដោយកាកសំណល់ និងសំរាម ព្រមទាំងធ្វើឱ្យលំហូរទឹកភ្លៀងអាចបង្ហូរចេញបានលឿន ។
ជាមួយគ្នានេះ លោកបានណែនាំឱ្យក្រុមការងារពិនិត្យបណ្តាញលូ ដែលមិនទាន់មានការតភ្ជាប់បង្ហូរចេញ ដើម្បីធ្វើការតភ្ជាប់ឱ្យបានត្រឹមត្រូវ និងបើកមុខលូ ដែលមិនទាន់មានទំហំគ្រប់គ្រាន់ ដោយសារស្ថានីយបូមទឹកមួយចំនួន ត្រូវបានសាងសង់រួចរាល់ និងអាចជួយធានាការបង្ហូរទឹកភ្លៀងបានប្រសើរឡើង ។
ក្នុងឱកាសនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាកុំចាក់សាប ឬរៀបការូឡាលើគម្របលូ និងកុំយកដីចាក់បិទមាត់លូ ព្រោះអាចប៉ះពាល់ដល់ប្រព័ន្ធរំដោះទឹកភ្លៀងនៅក្នុងទីក្រុង ។
សូមបញ្ជាក់ថា យុទ្ធនាការស្តារលូ អណ្ដូងលូ កាយភក់ និងសម្អាតសំរាម ក្នុងខណ្ឌកណ្តាលក្រុងទាំង៥ គឺជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមទប់ស្កាត់ និងរំដោះជំនន់ទឹកភ្លៀងក្នុងរដូវវស្សា កាត់បន្ថយផលប៉ះពាល់ដល់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា។
ការចុះស្តារប្រព័ន្ធលូក្នុងខណ្ឌ៧មករា នាពេលនេះ គឺជាការបន្តពីខណ្ឌសំខាន់ៗផ្សេងទៀត ក្នុងចំណោមខណ្ឌកណ្តាលរាជធានីភ្នំពេញ ដោយបានអនុវត្តរួចនៅខណ្ឌដូនពេញ ខណ្ឌចំការមន និងបន្តមកខណ្ឌ៧មករា។ ប្រតិបត្តិការនេះ ប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ដោយមានការចូលរួមពីរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ៕










ចែករំលែកព័តមាននេះ