ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​កែ​លម្អ​សួន​ដើមឈើ អំណោយ​ពី​ជនជាតិ​ជប៉ុន​ជាង ៣​ហិ​កតា ជា​កន្លែង​ហាត់ប្រាណ និង​លំហែកាយ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សួន​ដើមឈើ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​បាន​ពី​ជនជាតិ​ជប៉ុន គ្រោង​នឹង​កែ​លម្អ​ឡើង​វិញ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​បាន​មក​ដើរ​លេង​កម្សាន្ត និង​ហាត់ប្រាណ ដើម្បី​សុខភាព ស្រប​ទៅ​តាម​ការ​ចង់បាន​របស់​ម្ចាស់​អំណោយ ។

ដើម្បី​ឱ្យ​គម្រោង​នេះ លេញ​ចេញ​ជា​រូបរាង​ឆាប់​ៗ នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៦​នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ សង្កាត់ ចុះ​ពិនិត្យ និង​បាន​ណែនាំ​ឱ្យ​កែ​លម្អ ទាំង​ការ​ដាំ​ដើមឈើ​បន្ថែម និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ផង​ដែរ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ទីតាំង​ខាងលើ​នេះ ត្រូវ​រៀបចំ​ឱ្យ​បាន​ស្អាត ដោយ​ដើមឈើ​ខ្លះ ត្រូវ​ជ្រើសរើស​ដាំ​បន្ថែម រៀបចំ​ឱ្យ​មាន​ជាតា​រាង​បាល់ទាត់ ១​កន្លែង ព្រមទាំង​កែ​លម្អ​បន្ទប់ទឹក​ឡើង​វិញ​។ ចំពោះ​ប្រឡាយ​ទឹក ដែល​មាន​ស្រាប់​ត្រូវ លែង​ត្រី​គល់រាំង ត្រី​រាជ និង​ត្រី​មួយ​ចំនួន​ទៀត​។ បន្ថែម​ពី​នេះ ផ្លូវ​ចូល ដែល​អម​ដោយ​ដើមឈើ​ធំ​ៗ​ស្រាប់ ត្រូវ​ចាក់​ជា​ផ្លូវ​បេតុង​ទទឹង ៨​ម៉ែត្រ​។ គម្រោង​នេះ​អាច​នឹង​រួចរាល់ នៅ​បំណាច់​ឆ្នាំ​២០២៦ ឬ​ដើមឆ្នាំ​២០២៧​។ ក្រោយ​កែ​លម្អ​ឡើង​វិញ​រួចរាល់ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សម្ពោធ​ដាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូល​មក​ដើរ​លេង​កំសាន្ត និង​ហាត់ប្រាណ ដើម្បី​សុខភាព ស្រប​ទៅ​តាម​ការ​ចង់បាន​របស់​ម្ចាស់​អំណោយ ។

លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ថា ទីតាំង​នេះ​មាន​ផ្ទៃដី​ជាង ៣​ហិ​កតា យើង​ត្រូវ​រៀបចំ​ឱ្យ​មាន​ធុង សំរាម និង​មាន​បង់​អង្គុយ​លេង​ផង​ដែរ​។

គួរ​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​បាន​សួន​ដើមឈើ​ខាងលើ ពី​លោកស្រី មិ​ឈិ​កូ កាន់​ហ្សា​គិ (MICHIKO KANSAKI) ភរិយា​របស់​លោក កូ​ជិ កាន់​ហ្សា​គិ (KOJI KANZAKI) ជនជាតិ​ជប៉ុន តាម​រយៈ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រគល់​ជូន​ដោយ​លោកស្រី មិ​ឈិ​កូ កាន់​ហ្សា​គិ (MICHIKO KANSAKI) និង​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២២​។ លោក កូ​ជិ កាន់​ហ្សា​គិ (KOII KANZAKI) ជា​ស្វាមី​របស់​លោកស្រី មិ​ឈិ​កូ កាន់​ហ្សា​គិ (MICHIKO KANSAKI) គាត់​ស្រឡាញ់​ប្រទេស​កម្ពុជា ហើយ​ក៏​ស្រឡាញ​ធម្មជាតិ​ដែរ ៕