ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀនប្រុងប្រយ័ត្ន៖ ចូលថតរូបជិតពេក បុរសម្នាក់ត្រូវ​សត្វ​ក្របី​ព្រៃទម្ងន់ជិត១តោនវា.យប្រហារឱ្យរបួសធ្ងន់​

1 នាទី មុន

មាន​ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅទីលានបោះជំរុំ Bridge Bay ជិតបឹង Yellowstone ក្នុងរដ្ឋវីយ៉ូមីង (Wyoming) សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃសុក្រ ​។ នេះបើយោងតាមការចុះផ្សាយរបស់ BBC News ។

វីដេអូដែលល្បីពេញបណ្តាញសង្គម បានបង្ហាញពីសកម្មភាពរបស់លោក Carl Isom-McDaniel អាយុ​៦៥​ឆ្នាំ និងចៅប្រុសរបស់លោក កំពុង​លើកកាមេរ៉ាថតរូបសត្វប៊ីសុង (ឬក្របីព្រៃអាមេរិក)​មួយក្បាល ដែលមានទម្ងន់ប្រហែល២,០០0ផោន (៩០០​គីឡូក្រាម) ខណៈវាកំពុងដេកលើស្មៅ ។

ក្នុង​ពេលនោះ សត្វប៊ីសុងនោះបានផ្អៀងខ្លួនចុះឡើងដោយភាពមិនស្ងប់ ចាប់ផ្តើមបុកឡានដឹកទំនិញពណ៌សមួយគ្រឿងដែលបើកកាត់ មុនពេលវាស្ទុះរត់ដេញតាមលោក Isom-McDaniel និងចៅប្រុស។

ទោះបីជាអ្នកទាំងពីរព្យាយាមរត់គេចចូលទៅក្នុងព្រៃក្រាស់ក៏ដោយ ក៏សត្វដ៏ធំសម្បើមនោះដេញទាន់ដែរ ។ លោក Mike Macleod ដែលជាអ្នកថតវីដេអូហេតុការណ៍នេះ បានរៀបរាប់ថា៖ «សត្វប៊ីសុងបានជល់គាត់ត្រង់ត្រគាកដោយស្នែងខាងឆ្វេងរបស់វា ហើយគប់គាត់​ទៅលើអាកាស ។ គាត់បានបង្វិលខ្លួន ហើយធ្លាក់មកដីបោកចំហៀងខ្លួន»លោក Isom-McDaniel បានរងរបួសជាច្រើនកន្លែង និងមានការឈឺចាប់យ៉ាងខ្លាំងត្រង់ជើង ។

ទោះជាយ៉ាងណា សាក្សីបានឱ្យដឹងថា គាត់នៅតែដឹងខ្លួនពេញមួយពេល ថែមទាំងមានស្មារតីល្អ និងនិយាយលេងសើចបានទៀតផង ។ បច្ចុប្បន្ន គាត់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ នេះបើយោងតាមកាសែត New York Times ។

រដូវក្តៅ (ចន្លោះខែមិថុនា កក្កដា និងសីហា) ជារដូវដែលមានភ្ញៀវទេសចរមកកម្សាន្តច្រើនបំផុត រហូតដល់​៦០% នៃភ្ញៀវប្រចាំឆ្នាំ។ សេវាឧទ្យានជាតិ (NPS) បានចេញការណែនាំ និងព្រមានដល់អ្នកទេសចរដូចខាងក្រោម៖

«សត្វប៊ីសុងមើលទៅហាក់ដូចជាស្ងប់ស្ងាត់ ប៉ុន្តែពួកវាបង្កគ្រោះថ្នាក់ដល់មនុស្សច្រើនជាងសត្វដទៃទៀត នៅក្នុងឧទ្យាន Yellowstone ។ ពួកវាអាចរត់លឿនជាងមនុស្សរហូតដល់ទៅ៣ដង»។

យើងត្រូវរក្សាចម្ងាយសុវត្ថិភាពយ៉ាងហោចណាស់(២៣​ម៉ែត្រ)ពីសត្វប៊ីសុងគ្រប់ពេលវេលា និង​ហាមដាច់ខាត​ចូលទៅជិតពួកវា ដើម្បីថតរូប ។