ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆមាស​ទី​១​ ដើមឆ្នាំ​២០២៦​ អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​ភ្នំពេញ ​បាន​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ជាង​១២​ម៉ឺន​សេវា

2 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ​អង្គប្រជុំ​ស្តី​ពី​ការ​ចុះ​ពិនិត្យ និង​វាយតម្លៃ​ការ​ផ្តល់​សេវា​រដ្ឋបាល​តាម​អង្គភាព ច្រក​ចេញចូល​តែ​មួយ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២៦​នេះ ដើម្បី​ឱ្យ​ការ​ផ្តល់​សេវា​រដ្ឋបាល ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ពិសេស​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​សេវា​សុរិយោដី និង​សំណង់ ​។

កិច្ចប្រជុំ​នេះ ​ធ្វើ​ឡើង​ក្រោម​អធិបតីភាពលោក ​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​និងលោក ​សួ​ស ប្រាថ្នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ព្រមទាំង​អភិបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ នៅ​សាលា​រាជធានី​ភ្នំពេញ​ ។

លោក ​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា​ អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​ភ្នំពេញ​ បង្កើត​ឡើង​បាន​៨​ឆ្នាំ​ហើយ ហើយ​សេវា​ប្រមាណ​៩៨% បាន​ចូល​មក​តាម​ច្រក​នេះ ជាមួយ​និង​ភាព​លឿន​រហ័ស​ទាន់ចិត្ត ជូន​ប្រជាពលរដ្ឋ​។ ​ជាក់ស្តែង​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០២៦​នេះ អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​ភ្នំពេញ ​បាន​ផ្តល់​សេវា​ជូន​ពលរដ្ឋ​បាន​ជាង​១២​ម៉ឺន​សេវា​។ ក្រៅពី​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​ភ្នំពេញ យើង​ក៏​មាន​ច្រក​ចេញចូល​តែ​មួយ​ នៅ​តាម​ខណ្ឌ​ទាំង​១៤ ​និង​សង្កាត់​ទាំង​១០៥​ផង​ដែរ​។ ក្នុង​នាម​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ជាតិ​ និង​បន្តការងារ​នេះ​កាន់តែ​ល្អ​ជាង​មុន​ថែម​ទៀត ដែល​ថ្នាក់​ជាតិ​ប្រគល់​ជូន​ ។

ជាមួយ​គ្នា​នេះ​ដែរ លោក ​ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ​ត្រូវ​ពិនិត្យ​ជា​ប្រចាំ​នៅ​តាម​ច្រក​ចេញចូល​តែ​មួយ ខណ្ឌ​និង​សង្កាត់ ធ្វើ​យ៉ាងណា​ឱ្យ​ការ​ផ្តល់​សេវា​នេះ​ទទួល​បានការ​គាំទ្រ ជឿ​ទុកចិត្ត ពេញចិត្ត​ពី​ប្រជាពលរដ្ឋ​។​ សូម​អនុវត្ត​ការងារ​នេះ​ឱ្យ​បាន​ព្រម​ៗ​គ្នា​។

ចំណែក​ឯលោក ​សួ​ស ប្រាថ្នា បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ ការ​បង្កើត​ឱ្យ​មាន​កិច្ចប្រជុំ​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ពិនិត្យ​មើល​អំពី​វឌ្ឍនៈភាព​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ប្រមូល​យក​បញ្ហា​ប្រឈម សេសសល់​មួយ​ចំនួន មក​ពិភាក្សា ដើម្បី​ឱ្យ​ការ​ផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ មាន​រយៈពេល​ខ្លី សាម​ញ្ញា និង​មាន​ភាព​ងាយស្រួល​ជាង​មុន កាត់​បន្ថយ​ការ​ថ្នាំ​ថ្នាក់​ពី​ប្រជាពលរដ្ឋ ​។

លោក ​សួ​ស ប្រាថ្នា បាន​បន្ត​ថា​ ដើម្បី​ឱ្យ​ការ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ថែម​ទៀត​នោះ យើង​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិភាក្សា​គ្នា ធ្វើ​យ៉ាងណា​ឱ្យ​ឯកសារ​ ដែល​ត្រូវ​ផ្តល់​ជូន​ពី​ប្រជាពលរដ្ឋ មាន​ភាព​សាមញ្ញ ខ្លី​និង​ងាយស្រួល​ជាង​មុន​។​ត្រូវ​ប្រជុំ​លើ​ការងារ​នេះ​ឱ្យ​បាន​៣​ដង​ក្នុង​១​ខែ ជាមួយ​និង​ចាត់​មន្ត្រី ឱ្យ​ចុះ​តាមដាន ពិនិត្យ​មើល​ជា​ប្រចាំ នៅ​ថ្នាក់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។

ដោយឡែក​ តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់​ផង​ដែរ​ថា ​មាន​សេវា​២​ប្រភេទ ដែល​ចាំបាច់​និង​សំខាន់ នោះ​គឺ សេវា​សុរិយោដី​ និង​សេវា​សំណង់ ព្រោះ​វា​ពាក់ព័ន្ធ​ធំ​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ មិន​ថា​នៅ​ក្រៅ​ស្រុក​ឬ​នៅ​ក្រៅ​ស្រុក​។​ ថ្ងៃនេះ​យើង​ត្រូវ​ពិនិត្យ​រួម​គ្នា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ រក​គន្លឹះ​ដោះស្រាយ​ឱ្យ​កាន់តែ​ល្អ ខ្លី សាមញ្ញ ជូន​ពលរដ្ឋ​ ៕