កម្ពុជា-ជប៉ុនចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រមាណ១១៩លានដុល្លារអាម៉េរិក សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២) ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុប ចំនួន១៧.៧៧៦លានយ៉េន (ប្រមាណ១១៩លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។

ប្រភពបានលើកឡើងថា គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពដោះស្រាយទំនិញកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពប្រព័ន្ធ ភស្តុភារកម្មរបស់កម្ពុជា តាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា។

ជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការលើក កម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-
ជប៉ុន៕


ចែករំលែកព័តមាននេះ