ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងការងារ៖ RPL ជាយុទ្ធសាស្ត្រ «ព្រួញមួយបាញ់បានសត្វ៣» រដ្ឋ, វិស័យឯកជន, និងអតីតពលករទទួលបានផលប្រយោជន៍រួមគ្នា

1 នាទី មុន

រាជធានីភ្នំពេញ ៖ កម្មវិធីធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញដែលមានពីមុន (RPL) គឺជា ជាយុទ្ធសាស្ត្រ «ព្រួញមួយបាញ់បានសត្វ៣» ព្រោះបានផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋ វិស័យឯកជន និងអតីតពលករ ដែលមានជំនាញស្រាប់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការ។ នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លោកថ្លែងថា៖ «ការដាក់ឱ្យមានការតេស្តទទួលស្គាល់ជំនាញនេះ គឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វរហូតដល់៣ វិស័យឯកជនក៏ទទួលយក រាជរដ្ឋាភិបាលក៏បានបណ្តុះបណ្តាលមនុស្សដែលមានធនធាន ហើយបងប្អូន(អតីតពលករ)ខ្លួនឯងក៏មានចំណេះ ជំនាញ និងមានវិញ្ញាបនបត្រ» ។

បើតាមលោក ស៊ុន មេសា ការទទួលស្គាល់ពីវិស័យឯកជនចំពោះវិញ្ញាបនបត្រ RPL គឺជាសញ្ញាបង្ហាញពីភាពជោគជ័យរបស់កម្មវិធីនេះ ព្រោះវិស័យឯកជនជាអ្នកប្រើប្រាស់កម្លាំងពលកម្មដោយផ្ទាល់ និងជាអ្នកនាំយកជំនាញទាំងនោះទៅបម្រើតម្រូវការទីផ្សារការងារ ។

លោកបានគូសបញ្ជាក់បន្ថែមថា វិញ្ញាបនបត្រដែលផ្តល់ជូនតាមរយៈកម្មវិធី RPL មិនមែនគ្រាន់តែជាក្រដាសមួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែជាវិញ្ញាបនបត្រដែលឆ្លុះបញ្ចាំងពីគុណភាព សមត្ថភាព និងជំនាញពិតប្រាកដរបស់អ្នកកាន់កាប់ ដែលត្រូវបានវាយតម្លៃតាមស្តង់ដាបច្ចេកទេស និងទទួលស្គាល់ទាំងពីរាជរដ្ឋាភិបាល និងវិស័យឯកជន ។

ការអនុវត្តកម្មវិធី RPL ត្រូវបានរាជរដ្ឋាភិបាលជំរុញយ៉ាងសកម្ម ដើម្បីជួយដល់អតីតពលករដែលវិលត្រឡប់មកពីក្រៅប្រទេស និងប្រជាពលរដ្ឋដែលមានជំនាញស្រាប់ អាចទទួលបានការទទួលស្គាល់សមត្ថភាពជាផ្លូវការ បង្កើនឱកាសទទួលបានការងារល្អ ប្រាក់ចំណូលកាន់តែប្រសើរ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្លាំងពលកម្មកម្ពុជានៅក្នុងទីផ្សារការងារ ៕ អត្ថបទសហការ