ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! កម្ពុជារងឥទ្ធិពលព្យុះទី១១ ធ្វើមានភ្លៀងខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ថ្ងៃទី១៤ ដល់១៨ ខែកក្កដា

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យ​ដឹង​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​ទី​១១​ឈ្មោះ ហៃ​សិន ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៨ ខែកក្កដា ឆ្នាំ​២០២៦ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​១១ ឈ្មោះ ហៃ​សិន របស់​ក្រសួង​ធនធានទឹក បាន​លើក​ឡើង​ថា សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​១១ ឈ្មោះ ហៃ​សិន (Haishen) T2611 ហើយ​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ព្រះរាជាណាចក្រ កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ ហៃ​សិន​នេះ​ទេ ។ ចំណែក​ព្យុះ​ទី​៩ ឈ្មោះ បា​វី (Bavi) នឹង​រលាយ​បាត់ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ ខាង​មុខ រីឯ​ព្យុះ​ទី​១១ ឈ្មោះ ហៃ​សិន នេះ នឹង​បន្ត​មាន​ឥទ្ធិពល​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦ ។

ក្រសួង​បានឱ្យ​ដឹង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦ នៅ​តំបន់​វាលទំនាប​មាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី ៥០% ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី ៧០% ។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ គ្របដណ្តប់​លើ​ផ្ទៃដី ៧០% ។ រលក​សមុទ្រ​បោកបក់​ខ្លាំង​ដែល​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៧៥​ម៉ែត្រ ។

ក្រសួង​ថា យោង​លើ​ការ​ព្យាករ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ជា​ពិសេស​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក និង​ផ្លូវទឹក ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​បន្ត​ធ្វើការ​តាមដាន និង​វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស​ដើម្បី​ជម្រាប​ជូន​ជា​បន្តបន្ទាប់​ក្នុង​ករណី​មានការ​ប្រែប្រួល​៕