ដេញថ្លៃធ្វើផ្លូវ និងដាក់លូ ចុះថ្លៃជាង៥០ភាគរយ សង្ស័យគ្មានគុណភាពសំណង់
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ចំពោះទិដ្ឋភាពនៃការរៀបចំដេញគម្រោងផ្លូវបេតុងអាមេនិងប្រព័ន្ធលូជ្រុងរំដោះទឹកភ្លៀងត្រូវបានរៀបចំដាក់ដេញថ្លៃជាសារធារណៈនៅសាលាសង្កាត់បឹងកុក ក្រុងកំពង់ចាមដែលមានទឹកប្រាក់សរុបប្រមាណជាង៣៣៤លានរៀល ធ្វើឡើងនាព្រឹកថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៦។ ជាមួយនោះទិដ្ឋភាពនៃការដេញថ្លៃនេះគឺមានកម្លាំងអាវុធហត្ថនិងនគរបាលយាមពង្រឹងសណ្ដាប់ធ្នាប់ជៀសវាងកុំឲ្យមានភាពរញ៉េរញ៉ៃពេលដេញថ្លៃមិនមានឲ្យការចាប់ទាញដៃគ្នាពេលដាក់បិទក្នុងប្រអប់សំបុត្រ ។
ចំពោះលទ្ធផលនៃការដេញថ្លៃក្នុងនោះរួមមាន ១-ផ្លូវបេតុងប្រវែង៣២២ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញថ្លៃជាង១១២លានរៀល ដោយមានក្រុមហ៊ុនចំនួន៦ ចូលរួមប្រកួតប្រជែងបានទៅលើក្រុមហ៊ុនម៉ៅ សារ៉េត construction ក្នុងតម្លៃជាង៥៧លានរៀល។
២-សាងសង់លូជ្រុងរំដោះទឹកភ្លៀងប្រវែង២៨២ម៉ែត្រ តម្លៃបានប៉ាន់ស្មានជាង២២២លានរៀល ដោយមានក្រុមហ៊ុនចំនួន៤ ចូលរួមប្រកួតប្រជែងដោយដេញបានលើក្រុមហ៊ុនអៃ សេងហៃ ក្នុងតម្លៃជាង១១២លានរៀល ។
សូមបញ្ជាក់ថាចំពោះដំណើរការដេញថ្លៃត្រូវបានអាជ្ញាធរដាក់កម្លាំងអាវុធហត្ថនិងនគរបាលនៅពីមុខសាលាសង្កាត់បឹងកុក ដើម្បីពង្រឹងសណ្ដាប់ធ្នាប់នៃការដេញថ្លៃជៀសវាងបំបាត់នូវភាពអសកម្ម។ ក្នុងរយៈពេល១០នាទីនៃការដាក់ស្រោមសំបុត្រពីសំណាក់ក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃ ឃើញថាមានភាពល្អប្រសើរដោយក្រុមហ៊ុននីមួយៗគោរពគណៈកម្មការដេញថ្លៃ ហើយការប្រកួតប្រជែងគម្រោងទាំងពីរកន្លែងគឺមានភាពយុត្តិធម៌ត្រឹមត្រូវ ធ្វើឱ្យគម្រោងស្ថាបនាផ្លូវបេតុងនិងលូជ្រុងរំដោះទឹកភ្លៀងគឺរដ្ឋចំណេញថវិកាប្រមាណជាង១៦៥លានរៀល។
លោកខ្ចង អូន ចៅសង្កាត់បឹងកុក មានប្រសាសន៍ឲ្យដឹងថាចំពោះថវិកាដែលនៅសល់គម្រោងទាំងពីរកន្លែងនេះគឺអាជ្ញាធរនិងរៀបចំអភិវឌ្ឍន៍ប្រព័ន្ធលូនិងផ្លូវបេតុងបន្ថែមទៀតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកថាការដេញថ្លៃគម្រោងនេះចុះជាង៥០% ទោះបីមានការបញ្ចុះបែបនេះក្រុមហ៊ុននៅតែអាចចំណេញថវិកាបានខ្លះដែរ។ សម្រាប់ឆ្នាំ២០២៧ ខាងមុខគឺអាជ្ញាធរនិងរៀបចំដាក់ទិញថ្លៃផ្លូវបេតុងនិងលូនៅក្នុងភូមិបឹងកុកទី ២និងភូមិឡឥដ្ឋ ។
លោកអ៊ឹង ចាន់ឡា បានប្រាប់ឲ្យដឹងដែរថាកន្លងមករូបលោកដេញបានផ្លូវបេតុងមួយខ្សែក្នុងសង្កាត់បឹងកុក ដោយស្ថាបនាតាមបច្ចេកទេសត្រឹមត្រូវតែការដេញចុះច្រើន ធ្វើឲ្យរូបលោកខាតបង់ថវិកាប្រមាណជិត២ម៉ឺនដុល្លារ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕












ចែករំលែកព័តមាននេះ