ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកបន្តវាយប្រហារអ៉ីរ៉ង់យ៉ាងចាស់ដៃ ខណៈលោក​ត្រាំ ប្រកាសបិទខ្ទប់ និងផ្លាស់ប្តូរនយោបាយនៅច្រកសមុទ្រហ័រមូស

3 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤​ កក្កដា កងទ័ព​អា​មេ​រិ​​ក​បន្ត​វាយប្រហារ​ខ្លាំងក្លា ប្រឆាំង​អ៉ី​​រ៉​ង់​ ។ ការ​វាយប្រហារ​ថ្មី​ទាំងនោះ​ កើត​មាន​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​ពី​ការ​បិទ​ខ្ទប់​ឡើង​វិញ​ច្រក​សមុទ្រ​ហ័​រ​មូស​។
ម្យ៉ាងទៀត​ លោក​ត្រាំ​ឲ្យ​ដឹង​ថា អា​មេ​រិ​ក​នឹង​ដាក់​ច្បាប់​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​សម្រាប់​នាវា​ដទៃ​ៗ​ទៀត​ដែល​បែប​នេះ​ជា​ការ​ធ្វើ​ផ្ទុយ​ពី​នយោបាយ​អា​មេ​រិ​ក​ឲ្យ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ដោយ​សេរី​លើ​ពិភពលោក ដែល​មាន​ចាប់តាំងពី​ច្រើន​សត​វត្ស​​រ៍មក​ហើយ​។

អ៉ីរ៉​ង់​បាន​តប​វិញ​ តាម​រយៈ​ការ​វាយប្រហារ​លើ​ប្រទេស​បា​រ៉ែ​ន ​ដែល​មាន​មូលដ្ឋាន​របស់​កង​នាវាចរណ៍​ទី​៥​​របស់​អា​មេ​រិ​ក និង​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​២​គ្រឿង​របស់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​របួស​៨​នាក់ ក្នុង​ចំណោម​សមាជិក​ក្រុម​នាវិក​ ។ អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​បាន​កំរាម​សងសឹក​វិញ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជម្លោះ​ថ្មី​រវាង​ប្រទេស​នេះ​ និង​ក្រុង​អា​ប៊ូ​ដា​ប៊ី​ព្រមទាំង​ក្រុង​ឌូ​បៃ​។

ការ​វាយប្រហារ​ទាំងនេះ ​កើត​មាន​ពេល​ដែល​អា​មេ​រិ​ក ​និង​អ៉ី​រ៉​ង់​ឈ្លោះ​គ្នា​លើ​ការ​ការ​ត្រួតត្រា​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ ទីបញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា ប្រកាស​តាម​បណ្ដាញ​សង្គម​​ថា កងទ័ព​អា​មេ​រិ​កបាន​វាយប្រហារ​ថ្មី​មួយ​ចំនួន​ប្រឆាំង​អ៉ី​រ៉​ង់ំ នាំ​ឲ្យ​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ ហើយ​កាត់​បន្ថយ​សមត្ថភាព​វាយប្រហារ​លើ​បណ្ដាជន​ស៊ី​វិល​ស្លូតត្រង់ និង​ការ​ធ្វើ​នាវា​ចរណ៍​ពាណិជ្ជកម្ម​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ បន្ទាប់​ពី​ការ​ប្រកាស​ពី​ការ​វាយប្រហារ​នោះ​មក​លោក​ត្រាំ​ចាត់​ទុក​ប្រតិបត្តិការ​នោះ​ថា ជា​ការ​វាយប្រហារ​ចម្បង​ថ្មី​ ។ លោក​ថា​ យើង​វាយប្រហារ​ខ្លាំង​បំផុត ហើយ​បែប​នេះ​ នឹង​បន្ត​ទៅ​ទៀត យើង​រង់ចាំ​មើលចុះ​។ យើង​នឹង​កម្ទេច​រាល់​សមត្ថភាព​វាយលុក​របស់​អ៉ី​រ៉​ង់ ​ហើយ​យើង​នឹង​ត្រួតត្រា​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ យើង​ស្ដារ​ឡើង​វិញ​ការ​បិទ​ខ្ទប់​ច្រក​សមុទ្រ​នេះ​ ។

ប្រធានាធិបតី​អា​មេ​រិ​ក​ក៏​បញ្ជាក់​ផង​ដែរ ​ពី​ការ​ផ្លាស់​ប្ដូរ​ចិត្ត​របស់​រដ្ឋាភិបាល​លោក ដោយ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​លោក​នឹង​បង្កើត​ច្បាប់​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស សម្រាប់​បណ្ដា​នាវា​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ បន្ទាប់​ពី​មុន​នេះ​អះអាង​ផ្ទុយ​ពី​នោះ​ ។ លោក​និយាយ​ថា យើង​ការពារ​តំបន់​ដ៏​រុងរឿង​បំផុត​នោះ​នៃ​ពិភពលោក​។ យើង​នឹង​ចំណាយ​ប្រាក់​តែ​យើង​នឹង​ទទួល​បាន​មក​វិញ​ប្រាក់​ថ្លៃ​ការពារ​ ។ នេះ​ជា​ការ​ផ្លាស់​ប្ដូរ​មួយ​នៃ​នយោបាយ​អា​មេ​រិ​ក ​៕