ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា ប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M)

1 ម៉ោង មុន

រាជធានីភ្នំពេញ ៖ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃសរុបចំនួន ២,៥៦០កន្លែង លើមុខជំនាញចំនួន ១៥មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M) ។

បើតាមសេចក្តីជូនដំណឹងរបស់វិទ្យាស្ថាន អាហារូបករណ៍ទាំង ១៥មុខជំនាញនោះ រួមមាន៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, វារីវប្បកម្ម, កែច្នៃបន្លែ និងផ្លែឈើ, ការចិញ្ចឹមសត្វ, សេវាកម្មកុំព្យូទ័រ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលរថយន្ត, វិស្វកម្មគ្រឿងយន្តកសិកម្ម, វិស្វកម្មសំណង់ស្ពានថ្នល់, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអគ្គិសនី, វិស្វកម្មរថយន្ត, បរិក្ខាត្រជាក់, ព័ត៌មានវិទ្យា និងការផ្សារអគ្គិសនី ។

ការផ្តល់អាហារូបករណ៍នេះ គឺជាផ្នែកមួយនៃការចូលរួមអនុវត្តកម្មវិធី TVET 1.5M ដែលមានគោលបំណងជួយដល់យុវជនគោលដៅទទួលបានការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗតាមគោលការណ៍របស់រាជរដ្ឋាភិបាល ខណៈយុវជនទូទៅក៏អាចចូលរៀនដោយឥតគិតថ្លៃបានផងដែរ ។

សម្រាប់ការចុះឈ្មោះចូលរៀន បេក្ខជនអាចទាក់ទងតាមលេខទូរសព្ទ ០៨៦ ៨៧៩ ២៩២ និង ០៩៣ ៦៣២ ៦៣៦ ឬអញ្ជើញទៅកាន់វិទ្យាស្ថានផ្ទាល់ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនគោលដៅប្រមាណ ១,៥លាននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕