ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាកលោកយាយទេព នៅខេត្តកំពង់ឆ្នាំង ត្រូវបានដង្ហែឡើងអាសនៈវិញហើយ ក្រោយជួសជុលតភ្ជាប់ព្រះកេសរួចរាល់

1 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយការ​ជួសជុលយ៉ាង​បន្ទាន់ រូបសំណាក​លោកយាយ​ទេព ដែល​ត្រូវ​បាន​ជន​បែក​ថ្នាំ វាយបំបាក់​ព្រះ​កេស កាលពី​ពេល​កន្លង​ទៅ នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ ចៅអធិការ​វត្ត​ទេពធីតា​រាម ហៅ​វត្ត​យាយ​ទេព មាន​ទីតាំង​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ដឹកនាំ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ មន្ត្រីរាជការ​  ប្រជាពលរដ្ឋ បាន​ធ្វើ​ពិធី ដង្ហែ​រូបសំណាក ដែល​ទើប​ជួសជុល​ហើយ ដង្ហែ​ឡើង​អាសនៈ​វិញ​ហើយ​។ គួររំលឹកថា រូបសំណាក់​លោកយាយ​ទេព ដែល​ប្រជាពលរដ្ឋ​គោរព​បូជា ត្រូវ​ជនសង្ស័យ​ម្នាក់​កាប់​ដាច់​ព្រះ​កេះ​ធ្លាក់​ដល់​ដី

សូម​រំលឹក​ថា បន្ទាប់​ពី​មាន​ករណី​គួរ​ឱ្យ​សោកស្តាយ​មួយ បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ជា “​ជន​បែក​ថ្នាំ​” ឈ្មោះ នួន វិជ្ជា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​/​ខេត្តកំពង់ឆ្នាំង បាន​ជិះ​ម៉ូតូ​ធំ​សំដៅ​ទៅ​កាន់​អាស្រម រួច​ទាញ​ពូថៅ​កាប់​ទៅ​លើ​រូបសំណាក់​លោកយាយ​ទេព បណ្តាល​ឱ្យ​ដាច់​ព្រះ​កេស​ធ្លាក់​ដល់​ដី​។ ដោយ​ចោទ​ថា​បារមី លោកយាយ​ទេព ធ្វើ​ឲ​គ្រួសារ​គេ​ឈឺ និង​ភ្ជា​ញ់​គ្រួសារ ទើប​ធ្វើ​អោយ​ខ្លួន​ខឹងសម្បារ​។
 
នៅ​ក្នុង​ពិធី​ដង្ហែ​នា​ព្រឹក​ព្រឹក​នោះ គេ​សង្កេត​ឃើញ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ដោយ​ទឹកមុខ​រីករាយ និង​ជ្រះថ្លា​ឡើង​វិញ​។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​សម្តែង​នូវ​ការ​ត្រេកអរ​ជា​ខ្លាំង ដោយសារ​រូបសំណាក់ «​លោកយាយ​ទេព​» ដែល​ជាទី​គោរព​សក្ការៈ និង​ជា​បង្អែក​ផ្លូវចិត្ត​ដ៏​ស័ក្តិសិទ្ធិ​របស់​ពួក​គេ ត្រូវ​បាន​ស្តារ និង​ដំឡើង​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​យ៉ាង​ឆាប់រហ័ស​។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជួយ​គ្នា​ថែរក្សា និង​ការពារ​នូវ​សមិទ្ធផល​វប្បធម៌ ក៏​ដូច​ជាទី​សក្ការៈ​នានា និង​បាន​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​ពង្រឹង​ការ​ការពារ​សន្តិសុខ​នៅ​តាម​តំបន់​អាស្រម និង​ទី​សក្ការៈ​សំខាន់​ៗ​បន្ថែម​ទៀត ដើម្បី​បង្ការ​កុំឱ្យ​មាន​ហេតុការណ៍​ស្រ​ដៀង​គ្នា​នេះ​កើត​ឡើងជា​ថ្មី​ម្តងទៀត​។

មានការ​កត់​សម្គាល់ថា​ក្រោយ​ពី​ការ​ជួសជុល ត​ភ្ជាប់​ព្រះ​កេស ឡើង​វិញ គឺ​ជាង​បាន​លាប​ពណ៌​លម្អ ធ្វើ​ឲ្យ​រូប​សម្លាក​លោកយាយ​ទេព​មាន​ភាព​ស្រស់​ស្អាត អម​ដោយ​ការ​បំពាក់គ្រឿងអលង្ការ និង​សំលៀក​បំពាក់ សមរម្យ​ជា ជា​លោកយាយ ដែល​មាន​ឥទ្ធិពល​ក្នុង​ជំនឿ​សាសនា​៕​