រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅតែជាសកម្មភាពការទូតដ៏រស់រវើក និងសកម្មរបស់រាជរដ្ឋាភិបាល ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅតែជាសកម្មភាពការទូតដ៏រស់រវើក និងសកម្មរបស់រាជរដ្ឋាភិបាល ។

ជាក់ស្តែងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនឯកអគ្គរាជទូតជប៉ុន អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានថ្លែងអំណរគុណចំពោះជប៉ុន ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជានៅតាមបណ្តោយព្រំដែន ។

អ្នកនាំពាក្យបានឱ្យដឹងថា ការលើកឡើងពីបញ្ហានេះបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នាឱកាសដែលប្រមុខការទូតកម្ពុជា អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្តម អឹអិណុ អាត្សឹស៊ិ (UENO Atsushi) ចូលជួបដើម្បីជំរាបលា ក្រោយពីឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។
ឯកអគ្គរាជទូតជប៉ុនក៏បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលជប៉ុននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយបានសម្តែងនូវឆន្ទៈ និងការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការស្តារទំនាក់ទំនងកម្ពុជា-ថៃ ឡើងវិញ ។

ទន្ទឹមនឹងនោះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានសម្តែងការរីករាយ ដែលបានឃើញប្រទេសកម្ពុជាបន្តសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការទូត និងហេដ្ឋារចនាសម្ព័ន្ធ ទោះបីស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលមានការប្រែប្រួលយ៉ាងណាក៏ដោយ ។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៦ ឯកអគ្គរាជទូតជប៉ុនដដែល និងប្រមុខការទូតកម្ពុជា ទើបតែបានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្ប ទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៤១៦ លានយ៉េន(ប្រមាណ២.៨លានដុល្លារអាម៉េរិក)សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។
ចែករំលែកព័តមាននេះ