ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​វ៉ា​ដាច់​សហរដ្ឋអាមេរិក ក្លាយជា​ទីផ្សារ​នាំ​ចេញ​គ្រឿង​សមុទ្រ​ធំ​បំផុត​របស់​វៀតណាម

1 នាទី មុន

ប្រទេស​វៀតណាម ៖ ប្រទេស​ចិន​បាន​វ៉ា​ដាច់​សហរដ្ឋអាមេរិក ក្លាយទៅជា​ទីផ្សារ​នាំ​ចេញ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​របស់​ប្រទេស​វៀតណាម នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៦​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦​។

បើ​តាម​ក្រសួងកសិកម្ម និង​បរិស្ថាន​វៀតណាម​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​ក្នុង​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ សម្រេច​បាន​រហូត​ដល់​ជាង ៥,៧ ពាន់​លាន​ដុល្លារ ពោល​គឺ​កើនឡើង ១១,៤% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុង​នោះ ប្រទេស​ចិន​បាន​នាំ​ចូល​គ្រឿង​សមុទ្រ​វៀតណាម​ក្នុង​តម្លៃ​ជិត ១,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ ៤០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន និង​បាន​វ៉ា​ដាច់​សហរដ្ឋអាមេរិក​ដែល​មាន​តម្លៃ​ជិត ៨៩៨ លាន​ដុល្លារ​។ បើ​រាប់​បញ្ចូល​ទាំង​ទីក្រុង​ហុងកុង ការ​នាំ​ចេញ​ទៅ​កាន់​តំបន់​នេះ​សម្រេច​បាន​ប្រហែល ១,៥ ពាន់​លាន​ដុល្លារ ពោល​កើនឡើង​ជិត ៣៨%​។ ប្រទេស​ជប៉ុន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ ជាមួយ​តម្លៃ​ជិត ៧៨៨ លាន​ដុល្លារ ដែល​ជា​ការ​កើនឡើង​បន្តិចបន្តួច ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។

អ្នកជំនាញ​បាន​ថ្លែង​ថា និន្នាការ​នៃ​ការ​ផ្លាស់​ប្តូរ​ទីផ្សារ​ទៅ​កាន់​ប្រទេស​ចិន​បាន​លេចឡើង​កាន់តែ​ច្បាស់ ចាប់តាំងពី​ដើមឆ្នាំ​មក​ម្ល៉េះ​។ នៅ​ក្នុង​ត្រីមាស​ទី​១ ក្រុមហ៊ុននាំចេញ​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ខ្វះខាត​វត្ថុធាតុដើម ប៉ុន្តែ​នៅ​ក្នុង​ត្រីមាស​ទី​២ ទាំង​តម្លៃ​វត្ថុធាតុដើម និង​តម្លៃ​លក់​បាន​ធ្លាក់​ចុះ​។ ម្យ៉ាង​ដោយសារ​តម្លៃ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​ឆ្ងាយ​ៗ នៅ​តែ​មាន​កម្រិត​ខ្ពស់ ប្រទេស​ចិន​បាន​ក្លាយជា​ជម្រើស​ដ៏​ទាក់ទាញ​ជាង​មុន ក៏​ព្រោះតែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ថ្លៃដើម​ដឹក​ជញ្ជូន​ទាប និង​ទទួល​បាន​ផល​ចំណេញ​ត្រឡប់​មក​វិញ​លឿន​។

បើ​តាម​សមាគម​អ្នក​នាំ​ចេញ និង​ផលិតផល​គ្រឿង​សមុទ្រ​វៀតណាម (VASEP) បានឱ្យ​ដឹង​ថា កំណើន​ការ​នាំ​ចេញ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​នេះ មិន​ត្រឹមតែ​បាន​មក​ពី​ការ​ងើបឡើង​វិញ​នៃ​តម្រូវការ​ទីផ្សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​អាជីវកម្ម​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ទីផ្សារ និង​រចនាសម្ព័ន្ធ​ផលិតផល​ផង​ដែរ​។

បង្គា​នៅ​តែ​ជា​ការ​នាំ​ចេញ​ធំ​បំផុត​របស់​ឧស្សាហកម្ម​គ្រឿង​សមុទ្រ​វៀតណាម ដោយ​មាន​ទំហំ​ទឹកប្រាក់​ប្រហែល ២,៣ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ​នេះ កើនឡើង ១៣,៦% និង​ក្តោប​ក្តាប់​ជាង ៤០% តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​គ្រឿង​សមុទ្រ រុញច្រាន​ជា​ចម្បង​ដោយ​កំណើន​បាន​មក​ពី​ចិនដីគោក និង​ហុងកុង ជា​ពិសេស បង្កង​នាគ (Lobster) ដែល​មាន​តម្រូវការ​ខ្លាំង​ពី​ទីផ្សារ​ទាំង​ពីរ​៕