ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អ៖ អ្នកទេសចរ៣នាក់ចុងក្រោយដែលជាប់គាំងនៅលើភ្នំខ្នងផ្សារ ត្រូវបានជួយសង្គ្រោះចុះមកដល់ក្រោមដោយសុវត្ថិភាព​

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ អ្នកទេសចរ​ចំនួន​៣​នាក់​ចុង​ក្រោយ ដែល​បាន​ជាប់​គាំង​នៅ​លើ​តំបន់​ភ្នំ​ខ្នង​ផ្សារ​​ចំនួន​២​ថ្ងៃ​ត្រូវ​បាន​ជម្លៀស និង​ចុះ​មក​ដល់​ជើងភ្នំ​ដល់​ភូមិ​តាំង​បំពង់ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ ដោយ​សុវត្ថិភាព​ទាំង​អស់ហើយ បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍ និង​ជួយ​សង្គ្រោះ​យ៉ាង​សកម្ម​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រសួងបរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​សហ​គមន៍​។

គិត​ត្រឹម​ម៉ោង​២​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ ទឹក​ជំ​ន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នៅ​តំបន់​ភ្នំ​ខ្នង​ផ្សារ​បាន​ស្រក​អស់​ច្រើន​ ។ ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​​បាន និង​ឆ្លង​ម៉ូតូ​បានជា​ធម្មតា ដោយសារ​រយៈពេល​នេះ ពុំ​មាន​ភ្លៀង​ទៀត​ទេ​ក្នុង​តំបន់​នោះ​ ។

អ្នកទេសចរ​ចំនួន​៣​នាក់​ចុង​ក្រោយ ដែល​បាន​ជាប់​គាំង​លើ​ភ្នំ​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​ប្រជា​សហគមន៍ បាន​សម្រួល​ចុះ​មក​ក្រោម​វិញ​ប្រកបដោយ​សុវត្ថិភាព​។ ដោយឡែក ​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​រថយន្ត​ចំនួន​៤​គ្រឿង ដែល​ស្ថិត​ក្នុង​ជើងភ្នំ មិន​អាច​បញ្ជូន​មក​ដល់​ភូមិ​នៅឡើយ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ​ជំនន់​ទឹកភ្លៀង​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៦ នៅ​តំបន់​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារ និង​បាន​ប៉ះពាល់​ទេសចរ​ចំនួន​៥៥១​នាក់ បាន​ជាប់​គាំង​មិន​អាច​ចុះ​ពីលើ​ភ្នំ​បាន ដោយសារ​ទឹក​ហូរ​ធ្លាក់​ខ្លាំង ​។

ប៉ុន្តែ​ជា​បន្តបន្ទាប់​ ចាប់ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៦ រហូត​ដល់​ពេល​នេះ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ណែនាំ​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​រលាក់​កងជើង ចុះ​អន្តរាគមន៍​នាំ​យក​ទេសចរ​ទាំងអស់ មក​កាន់​ទីតាំង​សុវត្ថិភាព និង​ផ្តល់​ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ «​តំបន់​លំហែ​បៃតង​ដំណាក់​ដំរី​» ដោយ​រៀបចំ​ស្បៀងអាហារ និង​កន្លែង​ស្នាក់​នៅ​ជូន រហូត​ដល់​ស្ថានភាព​អំណោយផល ទើប​បន្ត​មក​កាន់​ភូមិ​តាំង​បំពង់​ ។

រហូត​មក​ទល់​ពេល​នេះ ​អ្នកទេសចរ និង​ប្រជាពលរដ្ឋ​នៃ​សហគមន៍​មូលដ្ឋាន ត្រូវ​បាន​ជួ​យស​ង្គោះ​ និង​សម្រួល​ចុះ​ពីលើ​ភ្នំ​ខ្នង​ផ្សារ និង​មក​ដល់ទី​ទួល​សុវត្ថិភាព​អស់់ហើយ​។ ក្រសួងបរិស្ថាន​បន្ត​តាមដាន​ និងរ​ចូលរួម​សហការ ជាមួយ​អ្នក​ពាក់ព័ន្ធ ជា​ពិសេស ​ភ្ញៀវ​ទេសចរ​ទាំងអស់ ដើម្បី​ធានា​សុ​វត្តិភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​តំបន់​ព្រៃ​ភ្នំ​ក្នុង​រដូវវស្សា​នេះ​ ៕

​​