អាជ្ញាធរខេត្តស្ទឹងត្រែង ចែកកូនចន្ទីពូជ M23 និងជីកសិកម្មជូនពលរដ្ឋជាង ២០០គ្រួសារ ក្នុងតំបន់ផ្តល់ដីការពារព្រៃ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖អាជ្ញាធរខេត្តស្ទឹងត្រែង រួមជាមួយមន្ត្រីជំនាញ និងថ្នាក់ដឹកនាំពាក់ព័ន្ធ បានចុះចែកកូនឈើដំណាំរួមទាំងជីកសិកម្ម ជូនដល់ប្រជាពលរដ្ឋដែលបានមកតាំងទីលំនៅថ្មី នៅក្នុងតំបន់ផ្តល់ដីការពារព្រៃដើម្បីជួយសម្រួលដល់ការដាំដុះ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានឱ្យដឹងថា អំណោយផលកសិកម្មដែលត្រូវបែងចែកជូនប្រជាពលរដ្ឋសរុបមាន៖ កូនពូជចន្ទីប្រភេទ M23 ដែលបានតមែករួចរាល់ចំនួន ២២,០០០ដើម ជីទ្រាប់បាតចំនួន ៥ តោនកន្លះ ជំនួយឧបត្ថម្ភទាំងនេះត្រូវបានបែងចែកជូនប្រជាពល រដ្ឋចំនួន ២១៩ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន
កូនចន្ទី ចំនួន ១០០ ដើម (សម្រាប់ដាំដុះលើផ្ទៃដីទំហំ ១ ហិកតា)ជីទ្រាប់បាត ចំនួន ២៥ គីឡូក្រាម (ស្មើនឹងកន្លះបាវ)។
នាឧកាសនោះអភិបាលខេត្តបានផ្តល់ការណែនាំ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យខិតខំបង្កបង្កើនផលឱ្យអស់លទ្ធភាព និងពេញដៃពេញជើង ដោយដាំដុះដំណាំគ្រប់មុខនៅលើផ្ទៃដីទំហំ ៣ ហិកតា ក្នុងមួយគ្រួសារ ដែលរដ្ឋបានបែងចែកជូន ដើម្បីធានាសន្តិសុខស្បៀងផង និងសម្រាប់លក់ដូរបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារផង។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវយ៉ាងម៉ឺងម៉ាត់ ឱ្យប្រជាពលរដ្ឋទាំងអស់ចៀសឱ្យឆ្ងាយជាដាច់ខាតពីសកម្មភាពខុសច្បាប់នានាជាពិសេសការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ។ លោកបានសង្កត់ធ្ងន់ថា ការទទួលបានដីធ្លី និងការគាំទ្រពូជដំណាំពីរាជរដ្ឋាភិបាល គឺជាឱកាសមាសក្នុងការកសាងជីវភាពថ្មី ដូច្នេះត្រូវប្រើប្រាស់ដីធ្លីទាំងនោះឱ្យចំគោលដៅ ប្រកបដោយភាពស្មោះត្រង់ និងគោរពច្បាប់រដ្ឋ។
ដោយឡែកលោក ស សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ. ក៏បានធ្វើការដាស់តឿនជាថ្មីដល់ពលរដ្ឋដែលមកតាំងទីលំនៅថ្មី ឱ្យមានការតាំងចិត្ត និងឆន្ទៈខ្ពស់ក្នុងការងារ បំបាត់ចោលនូវភាពខ្ជិលច្រអូស និងការធ្វើខ្វះផែនការ។លោករដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ច្បាស់ៗពីលក្ខខណ្ឌនៃការគាំទ្រថា៖«រាល់ពូជកសិកម្មដែលបានផ្តល់ជូន ត្រូវតែយកទៅដាំដុះ និងបង្កបង្កើនផល។ ចំពោះបងប្អូនណាដែលមិនយកទៅដាំដុះ ឬបណ្តែតបណ្តោយឱ្យខ្ជះខ្ជាយ គឺរដ្ឋមិនផ្តល់ជូនទៀតឡើយ។ការគាំទ្រវគ្គបន្តបន្ទាប់ទៀត នឹងធ្វើឡើងសម្រាប់តែអ្នកដែលខិតខំប្រឹងប្រែងពិតប្រាកដប៉ុណ្ណោះ។»
ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរកសិកម្មខេត្ត ក៏បានបន្ថែមបច្ចេកទេស ឱ្យពលរដ្ឋរួសរាន់យកកូនចន្ទីទាំងនោះទៅដាំដុះ និងត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីធានាឱ្យដំណាំលូតលាស់បានល្អ និងទទួលបានទិន្នផលខ្ពស់ ធានាដល់ការលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងនៅថ្ងៃអនាគត៕





















ចែករំលែកព័តមាននេះ