ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុជ​ធូប​ថ្ងៃសីល ទុកចោល បង្ក​ជាអគ្គិភ័យ​ឆេះ​ផ្ទះ​ស្តុក​គ្រឿង​អេ​ឡិច​ត្រូ​និ​ច មួយកន្លែង ​នៅ​ទឹកល្អក់​ទី​៣​

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​ផ្ទះ​ស្តុក គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មួយ​កន្លែង​នៅ​ក្បែរ ផ្សារ​យូ​ណាយ អតីត​រោងចក្រ​យូ​ណាយ ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បណ្ដា​ឲ្យ​រង​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ ​នៅ​ចំណុច​ផ្ទះ​លេខ​បេ​៤៨ ផ្លូវ​២១៨ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ជាន់​ទី​១ នៃ​ផ្ទះល្វែង​ផ្សែងហុយ​ខ្មួលខ្មាញ់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង ​នាំ​គ្នា​ជួយ​ពន្លត់​និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​​ចុះមកជួយ​​អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៨​គ្រឿង បាន​ទៅ​អន្តរាគមន៍​ប្រើ​ប្រាស់​ទឹក​អស់​ចំនួន ១៦​ឡាន ស្មើនឹង ៦៤​ម៉ែត្រគូប ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង ១២​នឹង​១៥​នាទី នា​ថ្ងៃខែ ឆ្នាំ​ដដែល​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ជា​ប្រភេទ​ផ្ទះល្វែង​មាន ម្ចាស់​ឈ្មោះ​: សា​រឿ​ន ណា​វី ភេទ​ស្រី អាយុ ៣២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​:​លក់ដូរ ។​អគ្គី​ភ័យ​នេះ​បណ្ដាល​ឱ្យ​សម្ភារៈ​មួយ​ចំនួន​រួម​មាន គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដូច​ជា ខ្សែ​សាក​ទូរ​សព្ទ និង​ដុំ​សម្រាប់​សាក​ទូរ​សព្ទ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​។

មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​អគ្គី​ភ័យ​ បណ្ដាល​ឱ្យ​មក​ពី​ម្ចាស់​អុជ​ធុ​ប​ថ្ងៃសីល​ទុក​ចោល បង្ក​ជា​អគ្គិភ័យ​តែ​ម្តង​៕​