ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​ជនភៀសសឹក​កម្ពុជា ៦៤៥​គ្រួសារ នៅ​ខេត្តព្រះវិហារ​

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​១១:៤៥​នាទី​ព្រឹក ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំ​ដោយ ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT KH HOM) ពី​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​ទីលំនៅ​ជា​បណ្តោះអាសន្ន នៅ​ភូមិ​តា​កឹង​បៃតង ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ ចំនួន ៦៤៥​គ្រួសារ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ សូម​ជម្រាប​ជូន​ថា រហូត​មក​ទល់​ពេល​នេះ ជនភៀសសឹក​ទាំងអស់​នៅ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​វិញ​បាន​នៅឡើយ​ទេ ដោយសារ​ការ​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​ពី​សំណាក់​កងកម្លាំង​យោធា​ថៃ​នៅ​តំបន់​មួយ​ចំនួន​តាម​រយៈ​ការ​រាយ​បន្លា​លួស ទូ​កុងតឺន័រ រួម​ទាំង​ផ្ទះសម្បែង​ក៏​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ផង​ដែរ ។

ការ​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​ចុះ​សួរសុខទុក្ខ​ដល់​ជនភៀសសឹក​ដែល​មិន​ទាន់​អាច​វិល​ត្រលប់​ទៅ​ផ្ទះសម្បែង​វិញ​បាន​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន គូសបញ្ជាក់​ពី​ភាព​ចាំបាច់​ជា​ដាច់ខាត​ក្នុង​ការ​ចាប់ផ្តើម​កិច្ចការ​វាស់វែង​ខ័​ណ្ឌ​សីមា​ដោយ​គណៈកម្មការ​ចម្រុះ​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ដូច​មាន​ចែង​នៅ​ក្នុង​ចំនុច​ទី​បី​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​របស់​កម្ពុជា​អាច​វិល​ត្រលប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ដោយ​មិន​មានការ​រារាំង ព្រមទាំង​ដោយ​សុវត្ថិភាព និង​កិត្តិយស ។

កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ ៕