ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​អាមេរិក និង​អ៊ីរ៉ង់​បន្ត​វា.យ​ប្រ.ហារ​មូល​ដ្ឋាន​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បីគ្រប់​គ្រង​ច្រក​ហ័រម៉ូស

1 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់​៖ យោធា​អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​ផ្លោង​ជា​ច្រើន​គ្រាប់​សំដៅ​ទៅ​មូល​ដ្ឋាន​កង​ទ័ព​អាកាស​របស់​អា​មេរិក​នៅ​ប្រទេស​ហ្សក​ដង់​។ ចំណែក​យោធា​អាមេរិក​ក៏​បាន​វាយ​ប្រហារ​មូល​ដ្ឋាន​របស់​អ៊ីរ៉ង់​ជា​ច្រើន​កន្លែង​អស់​រយៈ​ពេល​៥​ម៉ោង​នៅ​ក្នុង​សង្គ្រាម​ដណ្ដើម​គ្រប់​គ្រង​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​នៅ​ក្នុង​រយៈ​ពេល​៤​សប្ដាហ៍​ចុង​ក្រោយ​។ យោធា​អាមេរិក​វាយ​ប្រហារ​អ៊ីរ៉ង់​អស់​រយៈ​ពេល​៣​រាត្រី​ជាប់​គ្នា​​បន្ទាប់​ពី​អ៊ីរ៉ង់​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ខ្លួន​នឹង​បិទ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ​។

នៅ​ពេល​អ៊ីរ៉ង់​ប្រកាស​ដូច្នេះ លោក​ដូណាល់​ត្រាំ​ក៏​ប្រកាស​បិទ​ខ្ទប់ដែន​សមុទ្រ​របស់​អ៊ីរ៉ង់​ឡើង​វិញ​ផង​ដែរ​ និង​ទាម​ទារ​ឱ្យ​កប៉ាល់​នានា​បង់​ប្រាក់​២០%​ជា​ថ្នូរ​នឹង​ថ្លៃ​ការ​ពារ​។ ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅមក​នេះ​ធ្វើ​ឱ្យ​គេ​​បារម្ភ​ថា​បទ​ឈប់​បាញ់​បណ្ដោះ​អាសន្ន​ដែល​អាច​នឹង​នាំ​ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​ជា​អចិន្ត្រៃយ៍​នោះ​ប្រហែល​ជា​បរាជ័យ​ហើយ​។ ក្រុម​អ្នក​វិភាគ​ប្រចាំ​តំបន់​ថ្លែង​ថា​ជម្លោះ​នេះ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​អាច​គ្រប់​គ្រង​បាន​នៅ​ឡើយ​ទេ​។ ភាគី​ទាំង​២​កំពុង​ស្វះ​ស្វែង​រក​ចន្ទល់​ដ៏​រឹង​មាំ​មួយ​ដើម្បី​ឱ្យ​មាន​ទម្ងន់​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​។

ប៉ុន្តែ​​ការ​ប្រយុទ្ធ​គ្នា​នេះ​ក៏​អាច​នឹង​រីក​រាល​ដាល​ហួស​ពី​ការ​គ្រប់​គ្រង​ផង​ដែរ។ អ្នក​វិភាគ​ខ្លះ​បារម្ភ​ថា​ភាគី​ទាំង​២​អាច​នឹង​វិល​ទៅ​រក​សង្គ្រាម​​ទ្រង់​ទ្រាយ​ធំ​សា​ជា​ថ្មី​​។ សង្គ្រាម​នេះ​មិន​​ទទួល​បាន​គាំទ្រ​ពី​សំណាក់​ប្រជា​ជន​អាមេរិក​​ទេ​ព្រោះ​នៅ​ពេល​សង្គ្រាម​ផ្ទុះ​ឡើង​ពេល​ណា​ធ្វើ​ឱ្យ​តម្លៃ​សាំង​ហក់​ឡើង​ខ្ពស់​ជា​និច្ច​។ ម៉្យាង​ទៀត​ ការ​បោះ​ឆ្នោត​សភា​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ក៏​ជា​កង្វល់​សម្រាប់​លោក​ត្រាំ និង​គណ​បក្ស​សា​ធារណ​រដ្ឋ​ផង​ដែរ​។ ថ្ងៃ​នេះ ប្រេង​ឆៅ​តាម​ហាង​ឆេង​នៅ​អឺរ៉ុប​ឡើង​ថ្លៃ​លើស​៨៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

លីបង់​ និង​អ៊ីស្រាអែល​ចាប់​ផ្ដើម​ចរ​ចា​គ្នាជា​ថ្មី​នៅ​ទី​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។ លីបង់​ចង់​ឱ្យ​អ៊ីស្រា​អែល​ដក​កង​ទ័ព​ចេញ​ពី​ភាគ​ខាង​ត្បូង​ក្រោម​កិច្ច​សម្រប​សម្រួល​របស់​អាមេរិក​។ នៅ​ក្នុង​ការ​វាយ​ប្រហារ​លើក​ចុង​ក្រោយ​នេះ ឆ្មាំ​បដិ​វត្ត​ឥស្លាម​ថ្លែង​ថា​ខ្លួន​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​អាកាស​អាមេរិក​នៅ​ប្រទេស​ហ្សក​ដង់​ដោយ​ប្រើ​ប្រាស់​មីស៊ីល​ផ្លោង​។ កង​ទ័ព​ហ្សក​ដង់​ថ្លែង​ថា​ខ្លួន​បាញ់​ទម្លាក់​មីស៊ីល​បួន​គ្រាប់​ដែល​បាញ់​ចេញ​ពី​អ៊ីរ៉ង់​​ចូល​ដែន​អាកាស​របស់​ខ្លួន​។ ឆ្មាំ​បដិវត្ត​បាន​អំពាវ​នាវ​ឱ្យ​ហ្សក​ដង់​ឈប់​អនុញ្ញាត​ឱ្យ​អាមេរិក​ដាក់​មូល​ដ្ឋាន​សឹក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ដើម្បី​កុំ​ឱ្យ​មាន​ភាព​ល្អក់​កករ​នឹង​គ្នា​។ អ៊ីរ៉ង់​ប្រកាសថា​អាមេរិក​បាន​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​ជា​ច្រើន​កន្លែង​ បណ្ដាល​ឱ្យ​របួស​មនុស្ស​បួន​នាក់​។ ដំណើរ​ការ​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​៕ ប្រភព៖ Reuters​​