ទីក្រុងបាងកក៖ ថ្ងៃនេះបេសកជនពិសេសរបស់អាស៊ានទទួលបន្ទុកខាងកិច្ចការមីយ៉ាន់ម៉ាបានជួបជាមួយក្រុមអ្នកតំណាងជនជាតិភាគតិច និងគណៈកម្មការទទួលបន្ទុកខាងការចរចាដែលគាំទ្រដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា។ កិច្ចជំនួបនេះធ្វើឡើងដើម្បីខិតខំដោះស្រាយបញ្ហាសង្គ្រាមស៊ីវិលដែលបន្តឆាបឆេះនៅមីយ៉ាន់ម៉ា។ ភាគីទាំង២បើកទូលាយសម្រាប់ការសន្ទនាគ្នា។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីប្រទេសហ្វ៊ីលីពីន។ កិច្ចជំនួបនោះរៀបចំឡើងមួយថ្ងៃក្រោយការជួបគ្នារវាងរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១១ប្រទេសជាមួយសមភាគីមីយ៉ាន់ម៉ា ហើយក៏ជាការជួបគ្នាផ្ទាល់ជាលើកដំបូងចាប់តាំងពីមានរដ្ឋប្រហារយោធាឆ្នាំ២០២១។

ថ្នាក់ដឹកនាំមីយ៉ាន់ម៉ាត្រូវអាស៊ានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំធំៗទេដោយសារមិនបានអនុវត្តដូចអ្វីដែលខ្លួនបានសន្យានៅក្នុងកិច្ចព្រមព្រៀងទាំង៥ចំណុច។ ប៉ុន្តែសមាជិកអាស៊ានខ្លះសង្ឃឹមថាកិច្ចជំនួបលើកនេះអាចនឹងនាំមកនូវវឌ្ឍនភាព។ ផ្ទុយទៅវិញ ក្រុមអ្នកវិភាគខ្លះយល់ថាប្រសិនបើអាស៊ានទាក់ទងជាមួយរដ្ឋាភិបាលស៊ីវិលថ្មីដែលដឹកនាំដោយលោកមីនអុងឡាំងអាចនឹងធ្វើឱ្យអាស៊ានចុះខ្សោយ។ រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពីន និងជាបេសកជនពិសេសរបស់អាស៊ាន លោកស្រីថេរេសា ឡាហ្សារ៉ូ (Theresa Lazaro) បានជួបពិភាក្សាការងារលើកនេះដើម្បីបង្កើតឱកាសសន្ទនាគ្នានៅក្នុងចំណោមអ្នកនយោបាយមីយ៉ាន់ម៉ាដែលមានសមាសភាពមកពីក្រុមជនជាតិភាគតិច និង «គណៈកម្មការចរចាដើម្បីសាមគ្គីភាព និងសន្តិភាព» ដែលបង្កើតឡើងដោយក្រុមយោធា។

ក្រសួងការបរទេសហ្វ៊ីលីពីនថ្លែងថាភាគីទាំងអស់បើកទូលាយសម្រាប់ការសន្ទនាគ្នា និងសង្កត់ធ្ងន់ពីសារៈសំខាន់នៃការសន្ទនាបែបស្ថាបនា។ រដ្ឋាភិបាលរួបរួមជាតិដែលបង្កើតឡើងដោយក្រុមអ្នកគាំទ្រលោកស្រីអង់សានស៊ូជីថ្លែងថាខ្លួនមិនត្រូវគេអញ្ជើញឱ្យចូលរួមនៅក្នុងការពិភាក្សាគ្នាទេ។ រដ្ឋមន្ត្រីនៃរដ្ឋាភិបាលនេះថ្លែងថាខ្លួនមានសំណួរដ៏ធំមួយថាតើការជួបគ្នាលើកនេះមានគោលដៅពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទាំង៥ចំណុចរបស់អាស៊ាន? ឬក៏ពិភាក្សាគ្នាអំពីគម្រោង១០០ថ្ងៃរបស់ក្រុមយោធា និងផែនការសន្តិភាពតាមការរៀបចំរបស់ពួកគេ?

បន្ទាប់ពីឡើងកាន់អំណាចកាលពីខែមេសា រដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ាដែលនៅតែបន្តគាំទ្រដោយក្រុមយោធាប្រកាសថាខ្លួនត្រៀមចរចាសន្តិភាពជាមួយក្រុមប្រឆាំងប្រដាប់អាវុធនៅក្នុងរយៈពេល១០០ថ្ងៃ។ អំពើរដ្ឋប្រហារឆ្នាំ២០២១បាននាំឱ្យមានចលនាបាតុកម្មប្រឆាំងពេញផ្ទៃប្រទេស និងនាំឱ្យសង្គ្រាមស៊ីវិលដែលបានកើតឡើងស្រាប់ទៅហើយនោះរីករាលដាលកាន់តែខ្លាំង។ គេប៉ាន់ស្មានថាមនុស្ស១សែននាក់បានស្លាប់ និង៣,៦លាននាក់ផ្លាស់ប្ដូរទីលំនៅ។ ក្រោយមក សភាបានបោះឆ្នោតតែងតាំងលោកមីនអុងឡាំងជាប្រធានាធិបតីកាលពីខែមេសា៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ