ទីក្រុងប៉េកាំង៖ ប្រទេសចិនទើបតែបណ្ដេញលោកម៉ា ស៊ីងរួយ ដែលជាអតីតសមាជិកការិយាល័យនយោបាយចេញពីបក្សកុម្មុយនិស្តចិនពីបទចោទប្រកាន់ថាលោកបានប្រព្រឹត្តអំពើពុករលួយ។ បើដូច្នេះមែន លោកជាមនុស្សទីបីនៅក្នុងស្ថាប័នដ៏មានឥទ្ធិពលមួយនេះដែលត្រូវបានបោសសម្អាតចាប់តាំងពីឆ្នាំ២០២៥។ នេះជាផ្នែកមួយនៃយុទ្ធនាការរបស់លោកស៊ីជីនពីងក្នុងការបោសសម្អាតអំពើពុករលួយ។ លោកម៉ាក្រៅពីជាសមាជិកការិយាល័យនយោបាយ លោកក៏ជាអនុប្រធានក្រុមការងារចុះជួយតំបន់ជនបទផងដែរ។ លោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតកាលពីខែមេសាពីបទសង្ស័យថាបានប្រព្រឹត្តល្មើសធ្ងន់ធ្ងរទៅលើច្បាប់ និងវិន័យ (ប្រព្រឹត្តពុករលួយ)។ សិទ្ធិរបស់លោកជាអ្នកតំណាងរាស្ត្រនៅក្នុងសភាក៏ត្រូវបានដកហូតផងដែរកាលពីខែមិថុនា។

ក្រុមអ្នកស៊ើបអង្កេតរកឃើញថាលោកម៉ាឆ្លៀតកេងចំណេញពីការជ្រើសរើស និងតែងតាំងមន្ត្រីរដ្ឋាភិបាល។ លោកក៏ចាត់ចែងការងារទៅឱ្យអ្នកដទៃទាំងមិនសមស្របផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់គណៈកម្មការវិន័យនៃបក្សកុម្មុយនិស្តចិន។ លទ្ធផលស៊ើបអង្កេតទៅលើលោកកួ យ៉ុងហាងដែលជាប្រធានបុគ្គលិករបស់លោកម៉ាកាលពីពេលលោកកាន់តំណែងកំពូលនៅទីក្រុងស៊ឹនចិនចាប់ពីឆ្នាំ២០១៥ដល់២០១៦ត្រូវបានគេប្រកាសឱ្យដឹងកាលពីខែមីនា។ លោកកួឡើងតំណែងយ៉ាងឆាប់រហ័សនៅខេត្តក្វាងទុងនៅពេលលោកម៉ាកាន់តំណែងជាអភិបាលខេត្តនេះ។ មន្ត្រីថ្នាក់មូលដ្ឋាននៅខេត្តស៊ីជាំងដែលបានឡើងមុខតំណែងកាន់តែធំជាងមុនបន្ទាប់ពីលោកម៉ាឡើងតំណែងជាប្រធានសាខាបក្សប្រចាំខេត្តនេះក៏ត្រូវបានដាក់នៅក្រោមការស៊ើបអង្កេតផងដែរនារយៈពេលប៉ុន្មានខែចុងក្រោយនេះ។

របាយការណ៍នានាបង្ហាញថាលោកម៉ាបានទទួលទាំងខុសច្បាប់នូវអំណោយជាច្រើនប្រភេទ។ លោកបានជួយឱ្យសាច់ញាតិរបស់លោកទិញអចលនទ្រព្យនៅក្នុងតម្លៃទាបជាងទីផ្សារ។ លោកម៉ាបណ្ដោយឱ្យក្រុមគ្រួសារប្រើប្រាស់ឥទ្ធិពលរបស់លោកដើម្បីទទួលបានផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលអាជ្ញាធរពិពណ៌នាថាជាអំពើពុករលួយទ្រង់ទ្រាយធំនៅក្នុងក្របខណ្ឌគ្រួសារ។ គ្រួសារនេះបន្តបានទទួលប្រាក់ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់។ គណៈកម្មការវិន័យនៃបក្សកុម្មុយនិស្តចិនមិនបានបញ្ជាក់ថាទឹកប្រាក់ និងទ្រព្យសម្បត្តិប៉ុន្មានដែលលោកទទួលបាននោះទេ។

អ្វីដែលជារឿងមិនធម្មតានោះនៅត្រង់ថាទង្វើទាំងអស់នេះត្រូវគេចាត់ទុកថាជាកំហុសធ្ងន់ធ្ងរ ហើយជាករណីដែលកើតឡើងតិចជាង១%នៃបទល្មើសទូទៅ។ មន្ត្រីជាន់ខ្ពស់ខ្លះអាចទទួលបានការបន្ធូរបន្ថយ ប៉ុន្តែសម្រាប់លោកម៉ាប្រហែលជាគេចមិនផុតពីការកាត់ទោសនោះទេ។ ពោលគឺមិនត្រឹមតែដកតំណែង ហើយអនុញ្ញាតឱ្យចាកចេញដោយស្ងាត់ៗនោះឡើយ។ ការបណ្ដេញលោកម៉ាចេញពីបក្សកុម្មុយនិស្តចិនជាករណីថ្មីបំផុតនៃយុទ្ធនាការរបស់លោកស៊ីជីនពីងដើម្បីកាត់ផ្ដាច់ឫសគល់អំពើពុករលួយដែលនាំទៅដល់ការដកតំណែងមន្ត្រីជាច្រើនរូបនៅក្នុងបក្ស រដ្ឋាភិបាល និងយោធា៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ