ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​លួច​ម៉ូតូ​ជាងសំណង់​ពី​ខេត្ត​ព្រះ​សីហ​នុ ឃាត់​បាន​នៅ​រាជធានី​ភ្នំពេញ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ដែល​ជា​របស់​យុវជន​ជាងសំណង់​ម្នាក់​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ រួច​បាន​ទិញ​អយ​ស្ទ័​រ ១​កេស ដឹក​ពីក្រោយ​ជិះ​គេចខ្លួន​យ៉ាង​ខែងរ៉ែង ដែល​ទំនងជា​គិត​ថា លួច​បាន​សម្រេច​និង​ស៊ីផឹក​ឲ្យ​អស់ដៃ​ម្ដង​។ ជនសង្ស័យ​រូប​នោះ បាន​ជិះ​គេចខ្លួន​តាម​ផ្លូវជាតិ​លេខ​៣ បាន​ឆ្លងកាត់​តាម​បណ្ដា​ខេត្ត​នានា មាន​ដូច​ជា​ខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្ដាល លុះ​ចូល​ដល់​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​អស់លក្ខណ៍​។ ដោយ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​ក្រុងព្រះសីហនុ ដេញ​តាម​ប្រមាញ់​តាម​រយៈ​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព GPS រួច​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្ទាក់​ឃាត់​បាន​ទាំង​មនុស្ស និង​ម៉ូតូ តែ​ម្ដង ។

ហេតុការណ៍​បាត់​ម៉ូតូ​នោះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​ទី​៨ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ហេង ឈុ​ន​ហាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ហើយ​មុន​ពេល​ត្រូវ​ចាប់ខ្លួន​ជន​នេះ បាន​ដើរ​តែ​ស្នាក់​នៅ​មិន​ប្រាកដប្រជា​កន្លែង​ណាមួយ​នោះ​ឡើយ ។

នគរបាល បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ពី​ជនសង្ស័យ​រូប​នោះ រួម​មាន ឧបករណ៍​សម្រាប់​កាច់​សោក​ម៉ូតូ​, កាបូប​លុយ​, ទូរ​សព្ទ ២​គ្រឿង ព្រមទាំង​ម៉ូតូ​ដែល​លួច​បាន​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ផលិត​ឆ្នាំ​២០២៦ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1MA-1297 និង​អយ​ស្ទ័​រ ១​កេស​ផង​ដែរ ។

ដោយឡែក យុវជន​ដែល​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ផុ​ន កុសល អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្រុម​ទី​១ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ជាងសំណង់​រូប​នេះ បាន​និយាយ​ប្រាប់​នគរបាល​ថា នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ ១​គ្រឿង ខាងលើ​ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​កើតហេតុ​នោះ ។ លុះ​ពេល​ទៅ​ដល់ ខ្លួន​បាន​ទុក​ម៉ូតូ​នៅ​ត្រង់​ចំណុច​មុខ​រោង​កម្មករ​ស្នាក់​នៅ​ដោយ​បាន​ចាក់​សោក​ត្រឹមត្រូវ ប៉ុន្តែ​អត់​បាន​បិទ​សន្ទះ​សុវត្ថិភាព​សោ​ម៉ូតូ​នោះ​ឡើយ រួច​ក៏​ដើរទៅ​ធ្វើការ​ដូច​សព្វមួយដង មិន​បាន​គិត​ថា​មាន​ចោរលួច​ម៉ូតូ​នោះ​ទេ ។

យុវជន ផុ​ន កុសល បាន​រៀបរាប់​ប្រាប់​នគរបាល​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​កើតហេតុ ដដែល ខណៈ​ដល់​ម៉ោង​សម្រាក​ចេញពី​ធ្វើការ​ហូប​បាយ​ថ្ងៃត្រង់ ដើរទៅ​កន្លែង​ទុក​ម៉ូតូ ដើម្បី​យក​ជិះ​ទៅ​រក​ទិញ​បាយ​ហូប​។ ស្រាប់តែ​អត់​ឃើញ ត្រូវ​ចោរលួច​បាត់ ក៏​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​ខ្លួន​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដើម្បី​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ។

នគរបាល​បាន​ប្រាប់​ថា ក្រោយ​ទទួល​បាន​បណ្ដឹង​ជន​រង​គ្រោះ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៣ និង​កម្លាំង​អធិការដ្ឋាន​ក្រុងព្រះសីហនុ បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព GPS ដែល​បាន​បំពាក់​ជាមួយ​ម៉ូតូ​ខាងលើ ។ ខណៈនោះ ប្រព័ន្ធ​GPS បាន​ចង្អុលបង្ហាញ​ប្រាប់​ទិស​ដៅ​ជនសង្ស័យ​កំពុង​ជិះ​ចូល​រាជធានី​ភ្នំពេញ ទើប​នគរបាល​ខាងលើ​ទាក់ទង​មក​កាន់​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ជួយ​ស្ទាក់ ។

នគរបាល បាន​បញ្ជាក់​ប្រាប់​បន្ថែម​ថា រហូត​ដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល បានឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ខាងលើ​តាម​ផ្លូវជាតិ​លេខ​៣ និង​ចូល​ទៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ នគរបាល​ក៏​បាន​ឃាត់ខ្លួន​តែ​ម្ដង ។ បន្ទាប់​មក ក៏​បាន​ប្រគល់​ទាំង​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​ឲ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៣ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចាត់ការ​តាម​ច្បាប់ ៕