ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ចិន​២​នាក់ ជាប់ចោទ​លួច​លុយ​ចិន​ដូច​គ្នា ៣​ម៉ឺន​ដុល្លារ ត្រូវ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​២​នាក់ ជាប់ចោទ​ចូល​ទៅ​លួច​លុយ​នៅ​ក្នុង​ឃ្លាំងទំនិញ​របស់​ជនជាតិ​ចិន​ដូច​គ្នា អស់​ចំនួន​៣​ម៉ឺន​ដុល្លារ ព្រមទាំង​ទូរ​សព្ទ​ដៃ និង​កុំព្យូទ័រ​ផង ក៏​ត្រូវ​បាន​ម្ចាស់​ឃ្លាំង ធ្វើការ​ឃាត់ខ្លួន​បាន រួច​ប្រគល់​ឲ្យ​នគរបាល​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​ឃ្លាំង​គ្មាន​លេខ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ទី​១.​ឈ្មោះ លិញ ចែវ​ហួយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទី​២.​ឈ្មោះ LIN JINLAI ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនសង្ស័យ​ទាំង​២​នាក់​នោះ ជា​ជនជាតិ​ចិន មានមុខរ​បរជា​អ្នក​ដឹក​ជញ្ជូន មាន​ទីលំនៅ​ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ដោយឡែក​ម្ចាស់​ឃ្លាំង​ឈ្មោះ ZHANG SENLIN ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ​ចិន មាន​ទីលំនៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បាត់បង់​កុំព្យូទ័រ​ចំនួន​០២​គ្រឿង​. ទូរ​សព្ទ​ម៉ាក HONOR ពណ៌​ខ្មៅ​គ្មាន​ស៊ី​មកា​ត​១​គ្រឿង និង​ប្រាក់​ចំនួន​៣០,០០០$ (​បី​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ។ ហើយ​ដកហូត​មក​វិញ​បាន​តែ​កុំព្យូទ័រ​ចំនួន​០២​គ្រឿង និង​ទូរ​សព្ទ​ម៉ាក HONOR ១​គ្រឿង​ប៉ុណ្ណោះ មិនឃើញ​មាន​ប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ នោះ​ឡើយ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនជាតិ​ចិន ដែល​ជា​ម្ចាស់​ឃ្លាំងទំនិញ​នោះ បាន​ជិះ​រថយន្ត ១​គ្រឿង ទៅ​កាន់​ស្ថានទូត​ចិន លុះ​ពេល​ទៅ​ដល់ ស្រាប់តែ​មាន​មិត្តភក្តិ​ទូរ​សព្ទ​ប្រាប់​ថា មាន​គេ​ចូល​យក​អីវ៉ាន់​នៅ​ឃ្លាំង​របស់​គាត់​ហើយ ។ ភ្លាម​នោះ​គាត់​(​ជន​រង​គ្រោះ​) ក៏​ប្រញាប់​ត្រលប់​មក​មើល​ឃ្លាំង​របស់​ខ្លួន​វិញ ហើយ​បានឃើញ​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ កំពុង​ដោះ​កង្ហារ​ទូរ​ទឹកកក ខណៈនោះ​គាត់​ក៏​ហៅ​ជនសង្ស័យ​ទាំង​០២​នាក់​ចូល​ក្នុង​បន្ទប់​ការិយាល័យ​ដើម្បី​សួរនាំ ។

សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​ចូល​ដល់​ក្នុង​បន្ទប់​ការិយាល័យ ស្រាប់តែ​បាត់​កុំព្យូទ័រ​របស់​ខ្លួន ចំនួន​០២​គ្រឿង រួច​ហើយ​ឃើញ​ជនសង្ស័យ​ឈ្មោះ លិញ ចែវ​ហួយ លាក់​ទូរ​សព្ទ​របស់​គាត់​ម៉ាក​HONOR នៅ​ខាងក្រោយ​ខ្នង ដែល​ទូរ​សព្ទ​នោះ​គាត់​បាន​ទុក​នៅ​ក្នុង​ថតតុ​ក្នុង​បន្ទប់ ។ បន្ទាប់​មក​គាត់​(​ជន​រង​គ្រោះ​)​ក៏​បាន​យក​ទូរ​សព្ទ​នោះ​មក​វិញ ហើយ​បើក​ថតតុ​មើល​ស្រាប់តែ​បាត់​លុយ​អស់​ចំនួន​៣០,០០០$ (​បី​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​គត់​) ដែល​គាត់​បាន​ទុក​នៅ​ក្នុង​ថតតុ​នោះ ហើយ​គាត់​ក៏​សួរ​ដេញដោល ជនសង្ស័យ ។

សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ខណៈនោះ​ជនសង្ស័យ​ទាំង​០២​នាក់ បាន​ព្យាយាម​ដើរ​ចេញ​ទៅ​ខាងក្រៅ ក៏​ត្រូវ​ម្ចាស់​ឃ្លាំង​រូប​នោះ​ឃាត់ខ្លួន រួច​រាយការណ៍​ទៅ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ឲ្យ​ចុះ​ទៅ​នាំ​យក​ជនសង្ស័យ​ទាំង​២​នាក់​នោះ ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​តែ​ម្តង ៕