ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​ភ្នំពេញ លើក​ពេល​ជម្រះក្តី​បណ្តឹងឧទ្ធរណ៍​របស់​អតីត​ផ្កាយ​២ អនុប្រធាន​មន្ទីរ​គ្រឿងញៀន និង​កូនចៅ​៤​នាក់ ជាប់ចោទ​ពី​បទ​ចាប់​បង្ខាំង និង​ជំរិត​យក​ប្រាក់

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ គ្រោង​និង​បើក​សវនាការ​សួរ​ដេញ លើ​បណ្តឹងឧទ្ធរណ៍​របស់​ជនជាប់ចោទ គឺ​លោក វ៉ា​ន់ កុសល អតីត​ផ្កាយ​២ អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​កូនចៅ ៤​នាក់ ដែល​កើត​ទុក​មិន​សុខចិត្ត ចំពោះ​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​រូប​លោក និង​កូនចៅ​ដាក់​ពន្ធនាគារ ដោយ​មាន​ស្ថាន​ទម្ងន់​យ៉ាងធ្ងន់ធ្ងរ​បំផុត ដែល​មិន​អាច​ទទួលយក​បាន​។ ប៉ុន្តែ​គម្រោងការ​សវនាការ​ជំនុំ​ជម្រះក្តី​នោះ ត្រូវ​បាន​លើក​ពេល ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ មូលហេតុ​មេ​វី​ការពារ​ក្តី​សុំ​លើក​ពេល ដូច្នោះ​ជនជាប់ចោទ ដែល​ជាដើម​បណ្តឹងឧទ្ធរណ៍ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ ដឹក​យក​ទៅ​ឃុំខ្លួន​កន្លែង​ដើម​វិញ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ លោក ស សំណាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​ជនជាប់ចោទ ៖
១. លោក វ៉ា​ន់ កុសល អាយុ​៦០​ឆ្នាំ អតីត​ផ្កាយ​២ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដាក់​ពន្ធនាគារ​កំណត់​១៧​ឆ្នាំ ពី​បទ​.​ចាប់ និង​បង្ខាំង​ដោយ​ខុសច្បាប់ មាន​ស្ថាន​ទម្ងន់ទោស (​ជំរិត​យក​ប្រាក់​) និង​បទ​សម្អាត​ប្រាក់ ។
២. ផ្តន្ទាទោស ឈ្មោះ ជួន លឹ​ម​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ
៣. ឈ្មោះ អុ​ន សំ​អូន ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ
៤. ឈ្មោះ នេ​ត សុខុម ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ
៥. ឈ្មោះ ឈាវ ស៉ី​ដេ​ត ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​កំណត់​១៥​ឆ្នាំ ពី​បទ​ចាប់ និង​បង្ខាំង ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស (​ជំរិត​យក​ប្រាក់​) ចំនួន​៣​ករណី​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ តាម​មាត្រា​២៥៤ កថាខណ្ឌ​ទី​១ ចំណុច​៣ នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រោយ​ពី​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​យ៉ាង​ដូច្នេះ​ហើយ​ជនជាប់ចោទ​ទាំង ៥​នាក់ ទាំង​មេ​ទាំង​កូនចៅ កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ការ​សម្រេច​ក្តី​នេះ ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍ តាម​កំណត់​ច្បាប់ ទើប​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦​នេះ សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​ភ្នំពេញ គ្រោង​នឹង​លើកយក​បណ្តឹងឧទ្ធរណ៍​នេះ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី ប៉ុន្តែ​ត្រូវ​បាន​មេធាវី​ស្នើ​សុំ​លើក​ពេល ។ អង្គហេតុ​ពាក់​ពន្ធ​សំណុំរឿង​ទាំងមូល សូម​តាមដាន​នៅ​លើ​គេហទំព័រ​កាសែត​កោះសន្តិភាព ៕