ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ចិន

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ក​ក្ក​ដា ​ឆ្នាំ​២០២៦​ យន្តហោះ​ពិសេស​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ហើយ ​ដើម្បី​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ចិន ពី​ថ្ងៃ​ទី​១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ​២០២៦តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​។

ក្នុង​ឱកាស​ទស្សនកិច្ច​នេះ សម្តេច​ធិ​បតីនាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​សន្និ​សីទ​បញ្ញា​សិប្បនិម្មិត​ពិភពលោក​ឆ្នាំ​២០២៦ ក្រោម​មូលបទ «​ភាព​ជា​ដៃគូ​ក្នុង​ក្របខ័ណ្ឌ​បញ្ញា​​សិប្បនិម្មិត ដើម្បី​អនាគត​កាន់តែ​ត្រចះត្រចង់​» នៅ​ទីក្រុង​សៀង​ហៃ នៅ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦​។

អញ្ជើញ​អមដំណើរ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី រួម​មាន ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រួម​ទាំង​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​តំណាង​ធុរជន​កម្ពុជា​ ។

ក្នុង​ឱកាស​ស្នាក់​នៅ​ប្រទេស​ចិន សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី នឹង​ជួប​សម្តែង​ការ​គួរសម​ចំពោះ​ឯកឧត្តម ស៊ី ជី​ន​ពីង ប្រធានា​ធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម លី ឈាង នាយក​រដ្ឋមន្ត្រី​ចិន​។ ក្រៅពី​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​បញ្ញា​សិប្បនិម្មិត​ពិភព លោក​ឆ្នាំ​២០២៦ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី នឹង​ទទួល​ជួប​តំណាង់​ធុរជន​ចិន​សំខាន់​ៗ​ជា​ច្រើន​ផង​ដែរ​ ។

ទស្សនកិច្ច​ការងារ​នេះ គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​រួម​គ្នា​រវាង​កម្ពុជា​និង​ចិន ក្នុង​ការ​ធ្វើ​ឱ្យ​កាន់​តែ​​ស៊ីជម្រៅ​នូវ​ចំណងមិត្តភាព​ដ៏​យូរអង្វែង និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ​។

ទស្សនកិច្ច​នេះ ​ក៏​ជា​កម្លាំង​ច​លករ​ថ្មី​ទៀត ដើម្បី​ជំរុញ​ការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ លើកកម្ពស់​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​​ការ​កសាង​សហគមន៍​វាសនា​រួម កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគ​សម័យ​ថ្មី​៕​​