ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ដែល​មហាជន​ងឿងឆ្ងល់​ចំពោះ​ករណី​មនុស្ស​១​ក្រុម​ចាប់​បុរស​ម្នាក់​វាយ​ខ្នោះ​នោះ គឺ​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ទេ

41 នាទី មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ១​ក្រុម បាន​ចាប់​បុរស​ម្នាក់ វាយ​ខ្នោះ​កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង ត្រង់​ចំណុច​ជិត​ផ្សារ​អង្គ ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយសារ​តែ​នៅ​ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ខាងលើ​សុទ្ធតែ​ស្លៀកពាក់​ស៊ី​វិល​ស្ទើរ តែ​ទាំងអស់ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ជា​នគរបាល និង​ជិះ​ម៉ូតូ​ច្រើន​គ្រឿង​ផង​នោះ​។ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន បាន​សម្ដែង​ការ​ងឿងឆ្ងល់ និង​ភាន់ច្រឡំ​ថា ជា​ជន​ស៊ី​វិល​ធម្មតា មិនមែន​ជា​សមត្ថកិច្ច ហើយ​ក៏​មាន​អ្នក​ថតរូប​ភាព​វី​ដេ​អូ ពី​សកម្មភាព​នោះ​ថែម​ទៀត​ផង ព្រោះតែ​ពួក​គាត់​មិន​បានដឹង​ថា ជា​នគរបាល​ទេ និង​មានការ​ភ័យ​ខ្លាច​មាន​ឧក្រិដ្ឋជន​បន្លំ​ខ្លួន​ជា​សមត្ថកិច្ច​ចាប់​មនុស្ស​ផ្ដេសផ្ដាស់ ។

ខណៈនោះ មហាជន​ក៏​បាន​សំណូមពរ​ដល់​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​។ ពួក​គាត់​ចង់​ដឹង​ពី​សមាសភាព​ជន​ស៊ី​វិល ចាប់​មនុស្ស​ទាំង​ថ្ងៃ​បែប​នេះ​ថា តើ​ជា​នរណា ? ហើយ​បុរស ដែល​ត្រូវ​គេ​ចាប់ខ្លួន​នោះ​ជា​នរណា​ដែរ និង​មាន​កំហុស​អ្វី ទើបត្រូវ​គេ​ចាប់ខ្លួន​បែប​នេះ ?

ដោយឡែក​បុរស ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ទៀត​សោត បាន​ខំប្រឹង​រើ​បម្រាស់ ក្រាញននៀល និង​ស្រែក​ឲ្យ​គេ​ជួយ ព្រមទាំង​ស្រែ​កថា «​ខ្ញុំ​អត់​ទៅ​ទេ​ៗ » ជាប់​មិន​ដាច់​ពី​មាត់​ថែម​ទៀត​ផង ប៉ុន្តែ​ខណៈនោះ គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ជួយ​ទេ ហើយ​ទីបំផុត នគរបាល​ក៏​ចាប់​យក​ទៅ​បាត់ បន្ទាប់​មក ក៏​មានការ​បង្ហោះ​នូវ​រូបភាព​វី​ដេ​អូ សកម្មភាព​ប្រតិបត្តិការ​នោះ នៅ​លើ​ទំព័រ​សារព័ត៌មាន និង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន ។

ក្រោយ​ពី​មានការ​ភាន់ច្រឡំ​ពី​មហាជន​បែប​នេះ នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៦ ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្ដី​បំភ្លឺ ពាក់ព័ន្ធ​ប្រតិបត្តិការ​ចាប់ខ្លួន​ជនសង្ស័យ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជូន​មហាជន និង​អ្នក​សារព័ត៌មាន​ព្រមទាំង​អ្នក​ហ្វេ​ស​ប៊ុ​ក​នានា បាន​ជ្រាប និង​ឈប់​ឲ្យ​មានការ​ភាន់ច្រឡំ តទៅ​ទៀត ។

នៅ​ក្នុង​សេចក្ដី​បំភ្លឺ​នោះ បាន​បញ្ជាក់​ដូច្នេះ​ថា ៖ កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៧៖០៥​នាទី ល្ងាច​មន្ត្រី​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដោយ​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ល្អ ដែល​រស់នៅ​ទីតាំង​កើតហេតុ​មក​ថា មាន​ករណី​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ពេល​នោះ​កម្លាំង​សមត្ថកិច្ច​យើង ក៏​បាន​ទៅ​ដល់ទី​តាំង និង​ឃ្លាំមើល ក៏​បានឃើញ​សកម្មភាព​ដូច ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ពិតមែន ហើយ​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស្រេ​ន បញ្ញា ភេទ​ប្រុស និង​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន ។

ពេល​នោះ កម្លាំង​សមត្ថកិច្ច​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង ក៏​ធ្វើ​ឱ្យ​កម្លាំង​យើង​ម្នាក់​រង​របួស​ដៃ ដេរ​ប្រាំមួយ​ថ្នេរ និង​របួស​ចុង​ចិញ្ចើម​ស្តាំ ដោយសារ​ជនសង្ស័យ​មានកាំបិត​តដៃ ជាមួយ​កម្លាំង​សមត្ថកិច្ច ។ ក្រោយមក​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​បន្ទាប់​មក កម្លាំង​សមត្ថកិច្ច ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស្រេ​ន បញ្ញា មក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដើម្បី​បន្ត​នីតិវិធី ៕