ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យរាជធានី​ភ្នំពេញ៖ អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្នាក់​នៅ​ប្រមូលផ្តុំ​ ៩១​កន្លែង ឃាត់ខ្លួន​ជនបរទេស​ខុសច្បាប់​៦៣​នាក់ និង​រក​ឃើញ​បទល្មើស​មួយ​ចំនួន

3 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ​ពេញ​មួយ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​បាន​បំពេញការងារ​ព្រម​ៗ​គ្នា​ដោយ​ប្ដេជ្ញា​ថា​លុប​បំបាត់​ឱ្យ​អស់​បទល្មើស​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​អគារ​ខុន​ដូ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន ក្នុង​គោលដៅ​ប្រតិបត្តិការ​បោសសម្អាត​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) និង​ចុះ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ០៣ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដី​ពី​ការ​គ្រប់គ្រង​សន្ដិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ បាន​ចំនួន ៩១​ទីតាំង ។ នេះ​បើ​តាម​លោកស្រី ​ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២​មិថុនា​២០២៦ ​។

លោកស្រី​បន្ត​ថា​ ​អ្វី​ដែល​គួរ​កត់សម្គាល់​ក្នុងថ្ងៃនេះ​គឺ នៅ​ខណ្ឌ​ច្បារ​អំពៅ ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្ទះ​មួយ នៅ​ក្នុង​បុរី​ហា​យ​ធិ​ច ភូមិ​តា​ងៅ​ក្រោម សង្កាត់​និរោធ និង​ទីតាំង​ឃ្លាំង​មួយ​កន្លែង នៅ​ផ្លូវ​អូរ​អំពិល ភូមិ​ព្រែក​ជាង​ព្រំ សង្កាត់​វាល​ស្បូវ ដោយ​រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន ១៤​នាក់ (​ស្រី ៣​នាក់​) ពុំ​មាន​លិខិតឆ្លងដែន ១១​នាក់​។
ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ​បាន​រក​ឃើញ​បទល្មើស​គ្រឿងញៀន ១​ករណី នៅផ្ទះ​លេខ​៦៧ ផ្លូវ​បូ​ព្រឹក្ស បុរី​ហា​យ​ធិ​ច ភូមិ​តា​ងៅ​ក្រោម សង្កាត់​និរោធ ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន ១១​នាក់ (​ស្រី ៣​នាក់​) ព្រមទាំង​សម្ភារ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ចំនួន​០៤​កញ្ចប់ បំពង់​សម្រាប់​ជក់​កញ្ឆា​ចំនួន​០១ និង​ទូរស័ព្ទ​ដៃ​ចំនួន ០៧​គ្រឿង​។

រីឯ​នៅ​ខណ្ឌទួលគោក ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​បាន​រក​ឃើញ​បទល្មើស​ល្បែងស៊ីសង​អន​ឡាញ ១​ករណី នៅ​ខុន​ដូរ TK STAR អគារ​លេខ​១០០ ផ្លូវ​លេខ​៥១៦ កែង​ផ្លូវ​លេខ​៣១៥ ភូមិ​០១ សង្កាត់​បឹង​កក់​ទី​១ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា ជនជាតិ​កូរ៉េ ១​នាក់ (​មាន​និ​វេទ​ក្រហម​) ព្រមទាំង​សម្ភារ​មួយ​ចំនួន​រួម​មាន​៖ CPU ចំនួន ០៣​គ្រឿង ទូរស័ព្ទ​ចំនួន ០៥​គ្រឿង និង​ម៉ូនីទ័រ​ចំនួន ០៦​គ្រឿង​។

លោកស្រី​អ្នកនាំពាក្យ​បាន​បញ្ជាក់​ទៀត​ថា​៖​ជា​រួម​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​នេះ ក្រុមការងារ​បាន​រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន ៩៤៨​នាក់ (​ស្រី ២៩៦​នាក់​) ដោយ​មិន​មាន​រក​ឃើញ​សញ្ញាណ​អ្វី​ទាក់ទង​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឡើយ ប៉ុន្តែ​បាន​រក​ឃើញ​ជនបរទេស ស្នាក់​នៅ​ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ និង​ហួស​ទិដ្ឋាការ​សរុប​ចំនួន ៦៣​នាក់​។

ក្រោយ​ការ​ត្រួតពិនិត្យ ជនបរទេស​ស្នាក់​នៅ​ខុសច្បាប់​រួម​ជាមួយ​វត្ថុ​តាង​ជា​សម្ភារ និង​គ្រឿងញៀន ត្រូវ​បាន​ប្រគល់​ជូន ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​។

លោកស្រី​ ដោ សម្ផស្ស បន្ថែម​ថា ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការ​ផាកពិន័យ​ចំពោះ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីតាំង រស់នៅ​ប្រមូលផ្ដុំ​តាម​អនុក្រឹត្យ​លេខ​០៣ សរុប​ចំនួន ៣​ទីតាំង មនុស្ស​ចំនួន ១០​នាក់ គិត​ជា​ថវិកា​សរុប​ចំនួន ៤០.០០០.០០០​រៀល​«​សែសិប​លាន​រៀល​»៕