ប្រទសវៀតណាម៖ នាយកដ្ឋានត្រួតពិនិត្យទីផ្សារនៃខេត្ត ខាញ់ហ័រ ភាគកណ្ដាលខាងត្បូងប្រទេសវៀតណាម បានប្រកាសពីការរកឃើញ និងរឹបអូសទំនិញក្លែងក្លាយ ដែលលួចបន្លំម៉ាកសញ្ញាល្បីៗដូចជា Nike, Adidas, និង Crocs ជិត ១,០០០ មុខ នៅក្នុងសង្កាត់ញ៉ាចាង ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម។ ការបង្ក្រាបនេះ ធ្វើឡើងក្នុងយុទ្ធនាការអធិការកិច្ចពិសេសមួយ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី២ ខែមិថុនានេះ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញអាជីវកម្មចំនួន ២៨ កន្លែង មានកំហុសឆ្គងពាក់ព័ន្ធនឹងការលក់ទំនិញក្លែងក្លាយ និងរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា ដោយត្រូវរងការផាកពិន័យជាប្រាក់សរុបប្រហែល ១៩,៥១០ ដុល្លារអាម៉េរិក។ ក្នុងនោះ ករណីធំជាងគេគឺការឆ្មក់ចូលពិនិត្យហាងចំនួនពីរឈ្មោះ Alo Store – Thoc Store និង Navigator Shop ដោយដកហូតបានអាវយឺត អាវរងា និងស្បែកជើងក្លែងក្លាយសរុប ៩៨៥ មុខ ដែលមានតម្លៃប្រហែល ៩,៦៨៥ ដុល្លារ។
អាជ្ញាធរបានគូសបញ្ជាក់ថា ហាងទាំងនេះតែងតែឆ្លៀតឱកាសកេងចំណេញពីតម្រូវការរបស់ភ្ញៀវទេសចរ បរទេស ជាពិសេសទេសចរជនជាតិកូរ៉េខាងត្បូង ដែលនិយមទិញផលិតផលម៉ាកល្បីៗ ដូចជា Gucci, Chanel, Crocs និង Bvlgari ដោយយកទំនិញក្លែងក្លាយមកលក់ក្នុងតម្លៃខ្ពស់ដើម្បីរកប្រាក់ចំណេញខុសច្បាប់។ ក្រៅពីការរឹបអូស អាជ្ញាធរក៏បានបញ្ជាឱ្យបំផ្លាញចោលនូវទំនិញល្មើសច្បាប់ចំនួន ១,២៥០ មុខផ្សេងទៀត និងកំពុងបន្តឃាត់ទុកទំនិញសង្ស័យជាង ១,២០០ មុខទៀតដើម្បីស៊ើបអង្កេតបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ